
ដោយៈ ទិន សុខាវុធ
រោងចក្រវេចខ្ចប់ផ្លែចេកអំបូងមួយទៀត សំរាប់នាំចេញទៅលក់នៅប្រទេសចិន ស្ថិតក្នុងខេត្តរតនគិរី ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការ កាលថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងកសិកម្មនិងរក្ខាប្រមាញ់ វេង សាខុន។
យោងតាមក្រសូងកសិកម្ម រោងចក្រនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន ៤ គឺក្រុមហ៊ុន ហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ដូនពេញអាហ្គ្រីកូ និង ក្រុមហ៊ុន ប៊ិញហ្វឿកក្រចេះរាប់ប័រខំភើនី។
នៅក្នុងពិធីសម្ពោធរោងចក្រនោះ លោក ង្វៀន ក្វានអាន តំណាងអោយក្រុមហ៊ុនទាំង ៤ បានអោយដឹងថា បណ្តាក្រុមហ៊ុនទាំងបួននោះបាននិងកំពុងអភិវឌ្ឍចំការចេកអំបូងនៅលើផ្ទៃដីប្រមាណជាជាង ៧,០០០ ហិកតា ដែលនៅក្នុងនោះ ចំការចេកអំបូងប្រមាណជាជាង ៣,០០០ ហិកតាកំពុងត្រូវបានប្រមូល។
លោកបានបន្ថែមទៀតថា ទុនវិនិយោគសំរាប់ចំការចេកអំបូងទាំងនោះ បើគិតសរុបប្រមាណជាជាង $400 លានដុល្លារ ដែលបានបង្កើតការងារសំរាប់ប្រជាពលរដ្ឋខ្មែរចំនួន ២០០ នាក់ រស់នៅក្នុងខេត្តរតនគិរី និងបណ្តាខេត្តនានានៅជាប់នឹងខេត្តរតនគិរី។
យោងតាមលោក ង្វៀន ក្វានអាន រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកបានសង់រោងចក្រវេចខ្ចប់ផ្លែចេកអំបូងបានចំនួន ១០ រោងចក្រហើយ ហើយរោងចក្រទាំងនោះ មានសមត្ថភាពអាចវេចខ្ចប់ផ្លែចេកអំបូងបានប្រមាណជា ២៥០,០០០ តោនក្នុងមួយឆ្នាំ។
មួយវិញទៀត នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ លោកអគ្គនាយករូបនេះសង្ឃឹមថាបណ្តារោងចក្រវេចខ្ចប់ទាំងនោះ អាចនឹងត្រូវបង្កើនសមត្ថភាពវេចខ្ចប់ អោយបានរហូតដល់ទៅ ៥០០,០០០ តោនក្នុងមួយឆ្នាំ ហើយដែលនឹងអាចបង្កើតការងារសំរាប់ពលករខ្មែរ បានចំនួនយ៉ាងហោចណាស់ក៏ ១៥,០០០ កន្លែងដែរ។
យោងតាមតួលេខរបស់ក្រសួងកសិកម្ម នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៩ ហើយ ដែលបានទទួលការអនុញ្ញាតអោយនាំចេញផលិតផលផ្លែចេកអំបូងខ្មែរ ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន។
ក្រសួងបានបន្ថែមទៀតថា ផលិតផ្លែចេកអំបូងខ្មែរ ត្រូវអាជ្ញាធរចិនទទូលស្គាល់ថា មានគុណភាពខ្ពស់ និងមានសុវត្ថិភាពល្អជាងផ្លែចេកផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន៕





