
ដោយៈ ទិន សុខាវុធ
រដ្ឋាភិបាលនៃប្រទេសចិន តាមរយៈទូតចិនប្រចាំនៅកម្ពុជា
បានអនុញ្ញាតអោយរោងម៉ាស៊ីនកិនស្រូវចំនួន ១៨ ទៀតនៅកម្ពុជា អាចមានលទ្ធភាពនាំអង្ករចេញទៅលក់នៅលើទីផ្សារក្នុងប្រទេសចិនបានតាមកូតាកំណត់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម
កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រសួងបានរៀបចំពិធីប្រកាសព័ត៌មានស្តីពីសិទ្ធិនាំអង្ករចេញទៅប្រទេសចិន
របស់រោងម៉ាស៊ីនកិនស្រូវទាំង ១៨ នេះ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី វេង
សាខុន និងតំណាងទូតចិនលោក Wu Guoquan នៅឯទីស្តីការរបស់ក្រសួង។
នៅក្នុងពិធីនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះជាបានទទួលការអនុញ្ញាតអោយនាំអង្ករចេញយ៉ាងណាក៏ដោយ ក៏រោងរោងម៉ាស៊ីនកិនស្រូវទាំងនោះចាំបាច់ត្រូវធ្វើយ៉ាងណាអោយបរិមាណអង្ករដែលត្រូវនាំចេញនោះ មានគុណភាពសមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ ជាពិសេសស្តង់ដារ SPS ។
លើសពីនេះទៀត
លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា កសិករខ្មែរទាំងឡាយដែលធ្វើការដាំដុះដំណាំស្រូវសំរាប់នាំចេញ
ក៏ត្រូវស្វែងយល់ពីការធ្វើពាណិជ្ជកម្មផងដែរ។ ពោលគឺពួកគេត្រូវធ្វើយ៉ាងណាអោយក្លាយខ្លួនទៅជា
«កសិ-ពាណិជ្ជករ»
តាមបែបសម័យកាលឌីជីតល់យើងនេះ។
«អ្នកផលិតក៏ត្រូវក្លាយខ្លួនចេញពី
“កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានបច្ចេកវិទ្យាទំនើប ទាន់សម័យ
សមស្រប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ
និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនាំដល់ការបង្កើនសមត្ថភាពផលិត
តម្លៃបន្ថែម ធានាបរិមាណ គុណភាព និងស្តង់ដារទីផ្សារនាំចេញ»
នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រី វេង សាខុន ។
យោងតាមលោករដ្ឋមន្ត្រី
កម្ពុជាអាចមានសិទ្ធិនាំអង្ករចេញទៅប្រទេសចិន បានរហូតដល់ទៅ ៤០០,០០០ តោន
ក្នុងមួយឆ្នាំ។ ហើយក្រៅពីអង្ករ កម្ពុជាកំពុងចរចារជាមួយភាគីចិន ក្នុងគោលបំណងទទួលបានសិទ្ធិនាំចេញកសិផលផ្សេងៗទៀត
ទៅលក់នៅប្រទេសចិនផងដែរ។
ជាការឆ្លើយតប លោក Wu Guoquan បានថ្លែងថា ក្រៅពីអង្ករ កម្ពុជាក៏អាចនាំយកកសិផលផ្សេងៗទៀត ទៅលក់នៅលើទីផ្សារចិនបានដូចគ្នាដែរ មានដូចជា ដំឡូងមី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង ជាដើម៕
