
ដោយៈ ទិន សុខាវុធ
វាជាជោគជ័យដ៏គួរអោយកោតសរសើរមួយ ដែលរោងបណ្តុំផ្សិតដ៏តូចមួយ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានក្លាយទៅក្រុមហ៊ុនបណ្តុះផ្សិតដ៏ធំមួយមានឈ្មោះថា «គង់សម្បត្តិកសិដ្ឋានខ្មែរ» ដែលអាចបណ្តុះផ្សិតលក់បានចំនួនរហូតដល់ទៅ ២ តោន ក្នុងមួយថ្ងៃ។
យោងតាមលោក ជួប តុងអេង ប្រធានគ្រប់គ្រងផ្នែកផលិតកម្មរបស់ក្រុមហ៊ុន «គង់សម្បត្តិកសិដ្ឋានខ្មែរ» ដែលមានទីតាំងនៅក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាយិកាក្រុមហ៊ុននេះ គឺលោកស្រី គង់ ធីតា ដែលមានឳពុកជាលោក គង់ សម្បត្តិ ដែលជាអ្នកជំនួយការផ្នែកផលិតកម្មបណ្តុះផ្សិត។
លោក ជួប តុងអេង បានបន្ថែមទៀតថា កាលពីដំបូងឡើយ កសិដ្ឋានបណ្តុះផ្សិតមួយនេះ មានលក្ខណៈជារោងបណ្តុះផ្សិតតាមបែបគ្រួសារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលតំរូវការទីផ្សារកាន់តែកើនឡើង កសិដ្ឋាននេះក៏បានពង្រីកអាជីវកម្មរបស់ខ្លួន អោយកាន់តែធំឡើងៗជាលំដាប់ រហូតដល់ក្លាយទៅជាក្រុមហ៊ុនបណ្តុះផ្សិតដ៏ធំមួយប្រចាំខេត្តកំពង់ឆ្នាំង។
មួយវិញទៀត លោកបានគូសបញ្ជាកថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនខាងលើមានសមត្ថភាពអាចបណ្តុះផ្សិតលក់បានពីចំនួន ១.៥ តោន ទៅ ២ ក្នុងមួយថ្ងៃ សំរាប់លក់បោះដុំក្នុងតំលៃពី ៛៤,០០០ ទៅ ៛៦,០០០ ក្នុងមួយគីឡូក្រាម។ តែបើសំរាប់លក់រាយវិញ ផ្សិតទាំងនោះអាចលក់បានក្នុងតំលៃបានដល់ទៅ ៛១២,០០០ ក្នុងមួយគីឡូក្រាមឯណោះ។
ទាក់ទងនឹងជំនាញបណ្តុះផ្សិត លោក ជួប តុងអេង បានរៀបរាប់ថា រូបលោកបានទទួលការបណ្តុះបណ្តាលជំនាញកសិកម្មនៅប្រទេសកូរ៉េខាងត្បូង និងបានបញ្ចប់ការសិក្សាកំរឹតអនុបណ្ឌិតផ្នែកកសិកម្មយ៉ាងពិតប្រាកដ ទើបក្រុមហ៊ុនបណ្តុះផ្សិតមួយនេះ យល់ព្រមទទួលយករូបលោកអោយមកបំរើការខាងផ្នែកផលិតកម្មបណ្តុះផ្សិតនេះ៕

