
ដោយៈ ទិន សុខាវុធ
រោងចក្រផលិតទឹកស្អាតមួយនៅក្នុងខ័ណ្ឌចំការមក មានតំលៃប្រមាណជា $25 លានដុល្លារ ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានចំនួនប្រមាណជា ៥.២ ម៉ឺនមែត្រគូបក្នុងមួយថ្ងៃ ត្រូវបានដាក់អោយដំណើរការសាកល្បង កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គំរោងសំណង់នេះ ត្រូវបានគាំទ្រផ្នែកហិរញ្ញប្បទាន ដោយទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) រួមនឹងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ហើយត្រូវបានទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនបារាំង VINCI ។
សព្វថ្ងៃនេះ រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ កំពុងដំណើរការផលិតទឹកស្អាត ដោយប្រើប្រាស់រោងចក្រចំនួន ៣ គឺ រោងចក្រផលិតទឹកស្អាតនិរោធ មានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណ ២៦ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ រោងចក្រជ្រោយចង្វារ ១៤ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និង រោងចក្រភូមិព្រែក ១៧ ម៉ឺនមែត្រគូបក្នុងមួយថ្ងៃ។
ដូចនេះ នៅពេលដែលរោងចក្រផលិតទឹកស្អាតចំការមនត្រូវដាក់អោយដំណើរការជាផ្លូវការ រដ្ឋាករទឹកនឹងអាចផលិតទឹកស្អាតបានប្រហែលជា ៦២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ៕
