
ដោយៈ ទិន សុខាវុធ
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា រោងចក្រផលិតថាមពលអគ្គិសនីពីធ្យូងថ្មមួយ មានឈ្មោះថា CEL II ស្ថិតក្នុងក្រុងព្រះសីហនុ ត្រូវបានសាងសង់រួចរាល់អស់ហើយ និងត្រូវសម្ពោធដាក់អោយប្រើប្រាស់ នៅក្នុងខែធ្នូនេះ។
លោកបានបន្ថែមទៀតថា មកទល់នឹងពេលបច្ចុបុ្បន្ននេះ ការសាងសង់និងការតំលើងប្រព័ន្ធគ្រប់គ្រងទូទៅ ត្រូវបានបញ្ចប់រួចរាល់អស់ហើយ និងកំពុងស្ថិតក្រោមការសាកល្បងនៅលើបញ្ហាមួយចំនួន។ បើអ្វីៗនឹងប្រព្រឹត្តដោយរលូន រោងចក្រនេះនឹងអាចដំណើរការនៅសប្តាហ៍ទី ៣ ក្នុងខែ ធ្នូ នេះ។
យោងតាមលោក វ៉ិចទ័រ ហ្សូណា រោងចក្រអគ្គិសនីនេះ ដែលនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានរហូតដល់ ១៣៥ មេហ្កាវ៉ាត់ ត្រូវបានវិនិយោគដោយកក្រុមហ៊ុនម៉ាឡេស៊ី Leader Energy Holdings នៅក្រោមឈ្មោះថ្មីនៅក្នុងប្រទេសកម្ពុជាថា Cambodia Energy Limited II (CEL II) ក្នុងចំនួនទឹកប្រាក់ប្រមាណជា $459 លានដុល្លារ។ ជាលទ្ធផល ថាមពលបានមកពីរោងចក្រអគ្គិសនីនេះ នឹងត្រូវលក់អោយក្រុមហ៊ុនអគ្គិសនីស្វយ័តរបស់រដ្ឋ «អគ្គិសនីកម្ពុជា» (EDC) ។
គួររំលឹកឡើងវិញថា រោងចក្រផលិតអគ្គិសនីក្នុងក្រុងព្រះសីហនុ របស់ក្រុមហ៊ុនម៉ាឡេស៊ី Cambodia Energy Limited I (CEL I) ជាគំរោងវិនិយោគទី ២ របស់ក្រុមហ៊ុននេះ។ គំរោងវិនិយោគទី ១ របស់ក្រុមហ៊ុននេះគឺ រោងចក្រផលិតថាមពលអគ្គិសនី ១០០ មេហ្កាវ៉ាត់ ដែលត្រូវបានដាក់អោយដំណើរការតាំងពីឆ្នាំ ២០១៥ មកម្លេះ៕
