
ដោយៈ ទិន សុខាវុធ
រដ្ឋាករទឺកស្វយ័តក្រុងភ្នំពេញ បានថ្លែងអោយដឹងថា រោងចក្រផលិតទឹកស្អាតមួយទៀតតំលៃប្រមាណ $200 លានដុល្លារនឹងត្រូវសង់ឡើងនៅចុងខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ នៅក្នុងសង្កាត់បាក់ខែង ៤ ដើម្បីបំពេញរំរូវការ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅក្នុងភាគខាងលិចរាជធានីភ្នំពេញ។
យោងតាមក្រសួងព័ត៌មាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះកិច្ចសន្យាសាងសង់រោងចក្រផលិតទឹកស្អាតនេះ ជាមួយនឹងក្រុមហ៊ុនបារាំង VINCI construction Grand Projects ។ ក្រសួងក៏បានបន្ថែមទៀតថា ដំណាក់កាលដំបូងនៃការសាងសង់រោងចក្រនេះ នឹងត្រូវចំណាយប្រាក់អស់ប្រមាណជា $155 លានដុល្លារ។ នៅពេលសង់រួច រោងចក្រនោះនឹងមានសមត្ថភាពអាចផលិតបរិមាណទឹកស្អាតប្រមាណជា ១៨៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
បន្ទាប់មកទៀត នៅពេលដែលសំណង់នៃដំណាក់ដំបូងត្រូវបានបញ្ចប់ ក្រុមហ៊ុនបារាំងនឹងបន្តការសាងសង់រោងចក្រនេះ ក្នុងដំណាក់កាលទី ២ ទៀត ក្នុងតំលៃទឹកប្រាក់ប្រមាណជា $45 លានដុល្លារទៀត ដែលនឹងធ្វើអោយរោងចក្រនេះមានសមត្ថភាពអាចផលិតទឹកស្អាតបានប្រមាណជា ៣៩០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៤ ដែលអាចផលិតទឹកស្អាតបានចំនួន ៥៨០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ៕
