We TV Cambodia

រោងចក្រនៅកម្ពុជា ទំនងជាផ្អាកសិន ក្រោយចិនបិទការនាំចេញវត្ថុធាតុដើម

រោងចក្រនៅកម្ពុជា ទំនងជាផ្អាកសិន ក្រោយចិនបិទការនាំចេញវត្ថុធាតុដើម

ភ្នំពេញ៖ ថ្មីៗនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា រោងចក្រផលិតវត្ថុធាតុដើមរបស់ប្រទេសចិន សម្រេចចិត្ដបញ្ឈប់ការផ្គត់ផ្គង់នូវវត្ថុធាតុដើម ទៅកាន់រោងចក្រនានា នៅក្រៅប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជា មូលហេតុដោយសារមេរោគ កូរ៉ូណា។ ការលើក​ឡើងនេះ ត្រូវបានធ្វើឡើង​​នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាមការចុះផ្សាយពីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានលើកយកពាក្យសម្ដីរបស់លោក ថា៖ «នៅក្នុងបរិបទនៃជំងឺវីរ៉ុសហ្នឹង យើងឃើញមានផលប៉ះពាល់ច្រើនជុំវិញពិភពលោក រវាងការផ្តល់ និងទទួលវត្ថុធាតុដើមពីប្រទេសចិន អាស្រ័យដោយរោងចក្រចិនមួយចំនួនធំបានបិទ ដូចជារោងចក្រផលិតរថយន្ត ហើយការបិទរោងចក្រហ្នឹងអាចមានផលប៉ះពាល់ដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាដែរ ដូចជាការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា។ ដូច្នេះរយៈពេលនៃការបិទ ក៏ដូចជាការបញ្ជាទិញ វាត្រូវរយៈពេល ៩០ថ្ងៃទៅ ១០០ថ្ងៃ ហើយពិភពលោកមិនទាន់បានទទួលការឆ្លើយតបអ្វីឡើយ ពីរឿងរោងចក្រផ្តល់វត្ថុធាតុដើម មកកាន់រោងចក្ររបស់គេរៀងៗខ្លួន នៅលើពិភពលោក ក៏ដូចជាកម្ពុជាដែរ។ ដូច្នេះផលរំពឹងទុករបស់យើង រហូតដល់១០០ថ្ងៃ ប្រហែលជាខែមិនា យើងនឹងអាចទទួលលទ្ធផលថាតើ វត្ថុធាតុរបស់ចិនហ្នឹង អាចមកកាន់ទីផ្សារពិភពលោកដែរទេ»។

គូសបញ្ជាក់ផងដែរថា​បច្ចុប្បន្ន រោងចក្រឧស្សាហកម្មជាច្រើន នៅប្រទេសកម្ពុជា មិនទាន់មានការផ្អាក សកម្មភាពនៅឡើយនោះទេ ប៉ុន្ដែដោយឡែក រោងចក្រទាំងអស់នោះ ភាគច្រើនផលិតផលធាតុដើម គឺសុទ្ធតែនាំចូលពីប្រទេសចិន។ ដូច្នេះ ប្រសិនជា​ប្រទេសចិន នៅតែបន្ដ​បិទ​ការនាំចេញ ផលិតផល ទៀត នោះ​តើ រោងចក្រនៅកម្ពុជា អាចឈជើង បានដល់ ពេលណា។

រូបភាពឯកសារ

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles