
ដោយៈ ទិន សុខាវុធ
រោងចក្រកែច្នៃសំណល់ឧស្សាហកម្មដំបូងគេបំផុតស្ថិក្នុងខេត្តកំពត របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ កាលពីថ្ងៃ ៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះនៅក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ។
យោងតាមទំព័រ Facebook របស់ក្រសួងបរិស្ថាន រោងចក្រកែច្នៃសំណល់ឧស្សាហកម្មនេះ ស្តិតក្នុងបរិវេណរោងចក្រស៊ីម៉ង់ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរសិន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត។
ក្រសួងបរិស្ថានបានបន្ថែមទៀតថា រោងចក្រថ្មីនេះមានសមត្ថភាពអាចដុតកំទេចសំណល់ឧស្សាហកម្ម ក្នុងបរិមាណ ១០ តោនក្នុងមួយម៉ោង ឬ ២៤០ តោនក្នុងមួយថ្ងៃ ឬ ៧,០០០ តោនក្នុងមួយខែ។
មួយវិញទៀត គំរោងវិនិយោគរោងចក្រដុតកំទេចកាកសំណ់ឧស្សាហកម្មនេះ ជាការវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ស្យ៉ាម ស៊ីធី ស៊ីមេន មកពីប្រទេសថៃ ដែលនៅក្នុងនោះ ទុនវិនិយោគចំនួន ៤០% ជារបស់ក្រុមហ៊ុន ជីប ម៉ុង និងទុនវិនិយោគចំនួន ៦០% ទៀតបានមកពីក្រុមហ៊ុនថៃ ស្យ៉ាម ស៊ីធី ស៊ីមេន ។
«យើងបានចំណាយប្រាក់វិនិយោគអស់ជាង៤លានដុល្លារអាមេរិកលើគម្រោងនេះ។ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិកបម្រើការងារផ្ទាល់ជាង១០នាក់ និង អ្នកម៉ៅការបន្តជាង៥០នាក់ និង បន្តបង្កើតឱកាសការងារបន្ថែមទៀតនៅពេលខាងមុខ» នេះជាការលើកឡើងរបស់លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ គម្រោង ជីប ម៉ុង Ecocycle ៕
