We TV Cambodia

រូបមន្តចាត់ចែងចំណូល និងទ្រព្យសម្បត្តិ(៤០/៦០ និង ៦០/៤០) ដើម្បីឱ្យគ្រួសារឆាប់មានជីវភាពធូរធា

រូបមន្តចាត់ចែងចំណូល និងទ្រព្យសម្បត្តិ(៤០/៦០ និង ៦០/៤០) ដើម្បីឱ្យគ្រួសារឆាប់មានជីវភាពធូរធា

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

នេះបើតាមការយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួន របស់អ្នកជំនាញសេដ្ឋកិច្ច  លោកង៉ែត ជូ បានចែករំលែកបទពិសោធន៍ដូចតទៅ៖

១) គោលការណ៍ចំណូល ៤០/៦០៖
សំរាប់អ្នកធ្វើការ ចំណូលប្រចាំខែត្រូវចាត់ទុកជាគ្រាប់ពូជ និងគ្រាប់បាយ។ យ៉ាងតិច៤០%នៃចំណូលប្រចាំខែសំរាប់គ្រួសារទាំងមូលគួរចាត់ចែងជាគ្រាប់ពូជដើម្បីបង្កើតប្រាក់ឬទ្រព្យបន្ថែមដូចជាការសន្សំ ឬសងកម្ចីធនាគារដើម្បីយកទៅវិនិយោគលើអាជីវកម្មនានា អចលនទ្រព្យ ឬផ្សារហ៊ុនដែលមានផលចំណេញយ៉ាងតិច១៥%ក្នុង១ឆ្នាំ។ ហើយច្រើនបំផុត៦០%នៃចំណូលប្រចាំខែអាចចាត់ទុកជាគ្រាប់បាយសំរាប់ការចំណាយចាំបាច់ក្នុងគ្រួសារ ដូចជាចំណាយលើម្ហូបអាហារ សម្លៀកបំពាក់ ការធ្វើដំណើរ ការចំណាយលើសុខភាព ការអប់រំរបស់កូនៗ និងសងកម្ចីបង់រំលស់ផ្ទះ។ល។ ប៉ុន្តែមិនគួរមានចំណាយលើការបង់រំលស់សម្ភារដូចជារថយន្ត ឬគ្រឿងអេឡិកត្រូនិកនោះទេ។ ឧទាហរណ៍ បើគ្រួសាររបស់អ្នកមានចំណូល១៥០០ដុល្លា អ្នកគួរចាត់ចែងប្រាក់យ៉ាងតិច៦០០ដុល្លាសំរាប់ជាគ្រាប់ពូជយកទៅបង្កើនទ្រព្យឬចំណូល។ រីឯប្រាក់នៅសល់៩០០ដុល្លាទៀតអាចចាត់ចែងជាចំណាយចាំបាច់ (ឬហៅថាជាគ្រាប់បាយ) សំរាប់គ្រួសារ។
២) គោលការណ៍ទ្រព្យសម្បត្តិ ៦០/៤០៖
ក្រៅពីការខិតខំធ្វើការរកចំណូល និងការចាត់ចែងចំណូលអោយមានប្រសិទ្ធិភាព គ្រួសារនីមួយៗគួរមានគោលការណ៍ល្អក្នុងការចាត់ចែងទ្រព្យសម្បត្តិផងដែរ។ គោលការណ៍ល្អនោះគឺគួរចាត់ចែងអោយមានទ្រព្យសម្បត្តិដែលនាំមកនូវភាពរីកចំរើន (ផលចំណេញតាមរយៈការកើនតម្លៃយ៉ាងតិច១៥%ក្នុង១ឆ្នាំ) យ៉ាងតិច៦០%នៃចំនួនទ្រព្យសម្បត្តិសរុបរបស់គ្រួសារ។ រីឯទ្រព្យសម្បត្តិដទៃទៀតដែលមិនមានការកើនតម្លៃ ដូចជាគ្រឿងអលង្កា ផ្ទះ រថយន្ត និងសម្ភារដទៃទៀតគួរមានតម្លៃសរុបច្រើនបំផុតត្រឹម៤០%នៃទ្រព្យសរុបរបស់គ្រួសារបានហើយ។ ឧទាហរណ៏ បើគ្រួសារមួយមានទ្រព្យសម្បត្តិសរុប១៥ម៉ឺនដុល្លា គ្រួសារនោះគួរមានទ្រព្យសម្បត្តិដែលរីកចំរើនដូចជាអចលនទ្រព្យ និងភាគហ៊ុនអាជីវកម្មយ៉ាងតិច៩ម៉ឺនដុល្លា។ ហើយមានជាទ្រព្យសម្បត្តិដែលមិនកើនតម្លៃដូចជាផ្ទះ គ្រឿងអលង្កា និងរថយន្តត្រឹមតម្លៃសរុបមិនលើសពី៦ម៉ឺនដុល្លានោះទេ។
ប្រភព៖ លោកង៉ែត ជូ

Related Articles