
ដោយៈ ទិន សុខាវុធ
រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំរេចអនុញ្ញាតអោយជនបរទេស អាចប្រកបមុខរបររកស៊ីនៅកម្ពុជាឡើងវិញ ក្រោយពីក្រសួងបានចេញសេចក្តីប្រកាសហាមឃាត់មិនអោយជនបរទេសប្រកបមុខរបរចំនួន ១០ មុខរបរ។
ទាក់ទងរឿងនេះ សង្គមស៊ីវិលនិងសហជីពសំដែងក្តីព្រួយបារម្ភ ពីការបាត់បង់ការងារសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយពួកគេយល់ថា ជនបរទេសអាចមកដណ្តើមយកការងារពីប្រជាពលរដ្ឋខ្មែរទៅធើ្វ។
ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល លោក ហេង សួរ អ្នកនាំពាក្យរបស់ក្រសួងការងារ នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៩ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សេចក្តីសំរេចរបស់ក្រសួង ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុនសហគ្រាសធំៗ ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
លើសពីនេះទៀត យោងតាមសេចក្តីប្រកាសរបស់ក្រសួង ចេញផ្សាយនៅលើទំព័រ Facebook កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ ដោយសារតែតំរូវការកម្លាំងពលកម្មជំនាញ និងដើម្បីលើកទឹកចិត្តដល់វិនិយោគិនបរទេស អោយមកវិនិយោគនៅកម្ពុជា ក្រសួងបានសំរេចអោយជនបរទេសអាចប្រកបមុខរបរដែលត្រូវហាមឃាត់ទាំងនោះឡើងវិញ។
កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ ក្រសួងបានចេញសេចក្តីប្រកាសមួយ ហាមឃាត់មិនអោយជនបរទេសប្រកបមុខរបរចំនួន ១០ នៅកម្ពុជា ក្នុងគោលបំណងការពារទីផ្សារការងារសំរាប់ប្រជាពលរដ្ឋខ្មែរ។ មុខរបរដែលត្រូវហាមឃាត់ទាំងនោះរួមមាន អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្ម ការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស សេវាកម្មដេរ និងសម្អាតស្បែកជើង ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប និងជាងទង និងជាងច្នៃត្បូងពេជ្រ៕
