We TV Cambodia

រាជរដ្ឋាភិបាលមិនគិតពន្ធចំពោះអចលនទ្រព្យមានតម្លៃទាបជាង៧ ម៉ឺនដុល្លារ

រាជរដ្ឋាភិបាលមិនគិតពន្ធចំពោះអចលនទ្រព្យមានតម្លៃទាបជាង៧ ម៉ឺនដុល្លារ

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថាអចលនទ្រព្យណាមួយដែលមានតម្លៃទាបជាង៧ ម៉ឺនដុល្លារ និងត្រូវលើកលែងពន្ធប្រថាប់ត្រា។ក្នុងនោះ ស្របពេលដែលពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យតម្លៃទាបជាង៧ម៉ឹនដុល្លារបានលើកលែង ប្រមុខរាជរដ្ឋាភិបាល ក៏ការលើកលែង ខុនដូណាដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ ផងដែរ។

សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា ៖ «អ្នកដែលមានប្រាក់សមល្មម ហើយទិញលំនៅឋានក្រោម ៧ ម៉ឺនដុល្លាអត់ជាប់ពន្ធទេ ប៉ុន្តែសូមបញ្ជាក់ លំនៅឋាននៅទីនេះ ក៏និយាយដល់ ខុនដូ ដែរ” ។

ជាមួយនេះគ្នានេះដែរ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា៖ «សូមអ្នកនៅទីក្រុងភ្នំពេញ ប្រញាប់ប្រញាល់ទៅរកទិញផ្ទះ នៅក្នុងខុនដូ ព្រោះយើងអាលែនិយាយតែពីរឿងផ្ទះ ខ្លាចបងប្អូនមិនច្បាស់ថា ខុនដូ ក៏ជាផ្ទះដែរ»។

ជុំវិញនៃការលើកលែងពន្ធសម្រាប់វិស័យខុនដូរ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូប ក៏បានឱ្យដឹងថា ពុំទាន់សង្កេតឃើញបម្រែបម្រួលតម្រូវការខុនដូនៅឡើយទេ ក្រោយការប្រកាសលើកលែងពន្ធ។

លោក បានមានប្រសាសន៍ថា៖ «ចំពោះវិស័យខនដូ គឺមិនអាចនិយាយបានថា កើនឡើងនោះទេ ក្រោយពីសម្តេច បានអំពាវនាវនោះ ដោយហេតុថា ទាំងនេះគឺអាស្រ័យលើចំណង់ចំនូលចិត្តរបស់ពលរដ្ឋកម្ពុជា ។ មួយវិញទៀតដែរ ទោះបីជា រដ្ឋលើកលែងពន្ធអចលនទ្រព្យលំនៅឋាន ដែលរាប់ទាំងខុនដូនោះ ក៏នៅតែ មិនប្រាកដដែរថា ប្រជាជនងាកមករក ខុនដូ ដែរ»។

គួរបញ្ជាក់ផងដែរថា លើកលែង ពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារគឺមានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១។ ដែរនេះ ជាចំណែកមួយនៃការលើកស្ទួយសេដ្ឋកិច្ច នៅក្នុងកាលៈទេសៈ ដែលកំពុងរងការប៉ះពាល់ពី វ៉ីរ៉ុសកូរ៉ូណាថ្មី ឬ Covid 19។

សូមជម្រាបថា ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យនៅក្រោមតម្លៃ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានលើកលែងពន្ធក្នុងរយៈពេល ១ឆ្នាំពេញ នៅក្នុងឆ្នាំ២០២០ នេះ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុកទាំងអស់គួរតែបញ្ចុះតម្លៃការប្រាក់លើការទិញផ្ទះបន្ថែមទៀត។

បើតាមចុះផ្សាយរបស់គេហទំព័រក្នុងស្រុក មួយ ដោយសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អោយដឹងពី ចំនុចទី៥ នៃ វិធានការទ្រទ្រង់ ចំពោះវិស័យដែលមានសក្តានុពល ដោយត្រង់ចំនុចពន្ធប្រថាប់ត្រានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ៖ «គឺត្រូវតែលើកលែងទៅលើលំនៅឋានដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

«ក្រៅពីនេះដែរ លំនៅឋានដែលបានដាក់លក់ក្នុងតម្លៃសមរម្យ និង លក់សម្រាប់មន្ត្រីរាជការនោះ មិនទាន់លក់អស់ ពេលនេះត្រូវបើកលក់អោយប្រជាជន ។ ទន្ទឹមនឹងនេះ បច្ចុប្បន្នផ្ទះ ដែលមានតម្លៃចាប់ ពី ១០ ម៉ឺនដុល្លារឬ លើសពីនេះ នឹងជាប់ពន្ធ តែប្រសិនជាផ្ទះលក់ក្នុងតម្លៃ ៤ ម៉ឺនដុល្លារ ទៅកាន់ ៦ ម៉ឺនដុល្លារ ពេលដែលចាប់ផ្តើមធ្វើការទិញ គឺមិនជាប់ពន្ធប្រថាប់ត្រានោះទេ» សម្ដេចបានបន្ត។

គោលបំណងនៃការលើកលែងពន្ធប្រថាប់ត្រានេះ សម្តេចបានមានប្រសាសន៍ថា ជាការធ្វើអោយអ្នកដែលជាម្ចាស់អភិវឌ្ឍន៍អចលទ្រព្យខ្នាតមធ្យម រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និង រួចពន្ធ ។

គួរបញ្ជាក់ដែរថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ ដែលមានដូចជា ដី ផ្ទះ អគារ និងប្រភេទសំណង់ផ្សេងៗ គឺត្រូវបានកំណត់ក្នុងអត្រា ៤ភាគរយ ទៅលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យ ក្នុងទម្រង់ជាការលក់ អំណោយ វិភាគទានជាភាគហ៊ុន ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ៕​

កែសម្រួលដោយ៖ ឧត្តម

ប្រភព៖ ក្នុងស្រុក

 

 

Related Articles