We TV Cambodia

រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំមានការរើសអើងចំពោះអ្នកដែលឆ្លងCovid-19 ដែលនាំទៅដល់ការបែកបាក់ជាតិ

រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំមានការរើសអើងចំពោះអ្នកដែលឆ្លងCovid-19 ដែលនាំទៅដល់ការបែកបាក់ជាតិ
ឯកឧត្តម អូស្មាន ហាស្សាន់ (ប្រភព៖ ហ្វេសប៊ុក)

ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំមានការភ័យខ្លាច់ហួសហេតុពេកឈានដល់ការរើសអើងចំពោះអ្នកដែលឆ្លងCovid-19 ដែលនាំទៅដល់ការបែកបាក់ជាតិ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់បទសម្ភាសន៍ជាបន្ទាន់មួយដល់ក្រុមអ្នកសារពត៌មានកម្ពុជា នៅរសៀលម៉ោង ០៣ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០ នេះ ស្ដីពីការរីករាលដាលនៃជំងឺឆ្លងដែលបង្កឡើងដោយវីរុសកូរ៉ូណា ឬហៅថា Covid-19 និងផលប៉ះពាល់មកលើសហគមន៍ខ្មែរឥស្លាម។

ឯកឧត្តមបន្តថា វាមិនមែនជាកំហុសរបស់បងប្អូនដែលទៅចូលរួមក្នុងពិធីជួបជុំនៅឯប្រទេសម៉ាឡេស៊ីនោះទេ ព្រោះអំឡុងពេលដែលពួកគាត់អញ្ជើញទៅចូលរួមពិធីជួបជុំនោះគឺមិនទាន់មានការផ្ទុះឡើងនៃវីរុសនេះនៅឡើយទេ ពួកគាត់បានទៅមុនដល់ទៅពីរបីខែឯណោះ។ បើដឹងថាមានការឆ្លងរោគក៏ពួកគាត់មិនទៅដែរ ជាក់ស្តែងពិធីជួបជុំដ៏ធំមួយនៅខេត្តត្បូងឃ្មុំដែលគេរំពឹងទុកថានឹងមានអ្នកចូលរួមចន្លោះពី ៤០,០០០ ទៅ ៥០,០០០ ដែលត្រូធ្វើនៅទី១៣ ដល់ថ្ងៃទី១៥ ខែមីនាកន្លងទៅនេះក៏ត្រូវបានផ្អាកផងដែរ រហូតឈានដល់ការផ្អាកជាបណ្តោះអាសន្ត នូវទីម៉ាស្ជិទ សូរ៉ាវ ដើម្បីបញ្ជាសការជួបជុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺនេះ ស្របតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក្រសួងធម្មការនិងសាសនា និងសេចក្តីប្រកាសរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ឯកឧត្តម អូស្មាន ហាស្សាន់ (ប្រភព៖ ហ្វេសប៊ុក)

ឯកឧត្តមបន្តទៀតថា មកទល់ពេលនេះបងប្អូនយើងដែលបានទៅចូលរួមនៅពិធីជួបជុំឯប្រទេសម៉ាឡេស៊ីទាំង ៧៩ នាក់ ក៏បានមកធ្វើតេស្តរួចរាល់ហើយ ចំពោះអ្នកដែលតេស្តវិជ្ជមានក៏បានដាក់អោយនៅដោយឡែកដើម្បីទទួលការព្យាបាលពីគ្រូពេទ្យ សូមបងប្អូនកុំមានការរើសអើងចំពោះអ្នកដែលឆ្លងនូវជំងឺនេះមិនថាតែជនជាតិអ្វីក៏ដោយ ផ្ទុយទៅវិញពួកគាត់គួរទទួលបានការអាណិតអាសូ និងលើកទឹកចិត្តព្រោះពួកគាត់ជាជនរងគ្រោះដោយជំងឺដ៏កាចសាហាវនេះ ជាពិសេសចំពោះបងប្អូនខ្មែរអ្នកកាន់សាសនាឥស្លាម ដែលជាសញ្ជាតិកម្ពុជាតែមួយ កើតនៅលើទឹកដីតែមួយ រស់នៅលើទឹកដីតែមួយ ឆ្លងកាត់ប្រវត្តិសាស្ត្រ និងការតស៊ូជាមួយគ្នា ជាពិសេសក្រោមគោលនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ នឹងបង្កើតបាននូវគោលនយោបាយសុខដុមបនីយកម្មជាតិសាសន៍រហូតទទួលបានការកោតសរសើរពីសកលលោក គប្បីយើងទាំងអស់គ្នារួបរួមសាមគ្គីគ្នា បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទាំងអស់គ្នា ព្រោះនេះគឺជាបញ្ហាសកលដែលត្រូវតែចូលរួមទទួលខុសត្រូវទាំងអស់គ្នា។

ឯកឧត្តមបានបន្តទៀតថាមកទល់ពេលនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែរៀបចំឲ្យមានគ្រូពេទ្យស្ម័គ្រចិត្តដើម្បីថែទាំអ្នកជំងឺ និងត្រៀមលក្ខណៈសម្បត្តិដើម្បីឆ្លើយតបទៅនឹងបញ្ហាចំពោះមុខបន្តទៅទៀត ក្នុងនោះក៏មានវេជ្ជបណ្ឌិតជាមូស្លីមចំនួនជាង ៣០ នាក់ផងដែរ។

ជាចុងបញ្ចប់ឯកឧត្តមក៏បានអំពាវនាវដល់អ្នកសារព័ត៌មាននិងអ្នកលេងហ្វេសប៊ុកមួយចំនួនតូច ដែលតែងតែសរសេរបំភ្លើស បំប៉ោងព័ត៌មាន ធ្វើឲ្យមានការយល់ច្រឡំខុសពីការពិតបង្កើតជាចលាចលដល់សង្គមជាតិរបស់យើង៕

Related Articles