
ដោយៈ ទិន សុខាវុធ
យោងតាមធនាគារពិភពលោក (The World Bank) តាមរយៈគំរោងផ្តល់ដីធ្លីដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដំណាក់កាលទី ២ (Second Land Allocation for Social and Economic Development Project) ហៅកាត់ថា LASED II រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសំរាប់សង់លំនៅដ្ឋាននិងដំណាំកសិកម្មចំនួន ១៧,០០០ ហិកតា អោយដល់គ្រួសារក្រីក្រនិងគ្មានដីធ្លីចំនួន ៥,០១០ គ្រួសារ។ លើសពីនេះទៀត ប័ណ្ណកាន់កាប់ដីធ្លីចំនួន ៣០៧៨ ប័ណ្ណ ក៏ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋចំនួន ១,៨២៥ គ្រួសារផងដែរ។
ធនាគារពិភពលោកបានបន្ថែមទៀតថា គំរោងនេះមានទិសដៅជួយឧបត្ថម្ភគ្រួសារកសិករក្រីក្រនៅកម្ពុជា អោយមានឱកាសអាចប្រើប្រាស់ដីអំណោយទាំងនោះ សំរាប់ធ្វើការដាំដុះដំណាំកសិផលទាំងឡាយ ក៏ដូចជាការសាងសង់សាលារៀននិងមណ្ឌលសុខភាព ដែលបំរើផលប្រយោជន៍អោយសហគមន៍មូលដ្ឋានដ៏ទូលំទូលាយផងដែរ។
មួយវិញទៀត ធនាគារពិភពលោកក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើអោយកាន់តែប្រសើរឡើងទៀត នូវការទទួលបាននូវដីធ្លីសំរាប់ដំណាំកសិកម្មនិងលំនៅដ្ឋាន គឺជាដំណោះស្រាយជាគន្លឹះមួយ នៅក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយហេតុថា ប្រជាជនកម្ពុជាចំនួន ៨០% ជាកសិកររស់នៅក្នុងតំបន់ជនបទ។
ក៏ប៉ុន្តែ នៅក្នុងចំណោមប្រជាកសិកររស់នៅក្នុងតំបន់ជនបទទាំងនោះ មានប្រជាជនចំនួនច្រើនជាង ១០% គ្មានដីស្រែ ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត កំពុងធ្វើការដាំដុះនៅលើផ្ទៃដីប្រមាណជា ០.៥ ហិកតា ដែលជាដីធ្លីត្រូវបានចែករំលែកពីក្រុមគ្រួសាររបស់ពួកគេ។
ជាលទ្ធផល ផលិតផលកសិផលទទួលបានពីផ្ទៃដីតិចជាង ០.៥ ហិកតាទាំងនោះ មានចំនួនមិនដល់ពាក់កណ្តាលនៃសេចក្តីត្រូវការអាហារូបត្ថម្ភដ៏ចាំបាច់សំរាប់ក្រុមគ្រួសាររបស់ពួកគេផង។ ជារួម ២/៣ នៃគ្រួសារកសិកររស់នៅក្នុងតំបន់ជនបទ តែងតែជួបប្រទះជារឿយៗនូវបញ្ហាខ្វះម្ហូបអាហារជារៀងរាល់ឆ្នាំ។
យ៉ាងណាម៉ិញ គំរោងផ្តល់ដីធ្លីដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដំណាក់កាលទី ២ ហៅកាត់ថា LASED II នេះ ត្រូវបានចូលរួមចំណែកយ៉ាងសកម្មពីធនាគារពិភពលោក។ ហើយជាលទ្ធផល នៅចន្លោះឆ្នាំ ២០១៦ និង ឆ្នាំ ២០១៩ ផ្ទៃដីចំនួន ១៧,០០០ ហិកតា ត្រូវបានផ្តល់អោយដល់គ្រួសារក្រីក្រចំនួន ៥,០១០ គ្រួសារ សំរាប់ដាំដំណាំកសិកម្មនិងសង់លំនៅដ្ឋាន។ ហើយប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣,០៧៨ ប័ណ្ណក៏ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ១,៨២៥ ៕
