ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និង ទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីនេះនឹងត្រូវធ្វើ ឡើងនៅតំបន់ទីប្រជុំជន មុខសាសារៀន មន្ទីរពេទ្យ ផ្សារ ឬកន្លែងមួយចំនួនទៀតដែលមានចំណុចផ្លូវ ប្រសព្វពិបាកក្នុងការឆ្លងកាត់ថ្នល់។
ឯកឧត្ដមបានបញ្ជាក់ទៀតថា ការសម្រេចបង្កើន ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនទំាងប្រជាពលរដ្ឋ និង យានយន្ត ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ហើយគម្រោងកសាងស្ពានអាកាសថ្មើជើងចំនួន២៧ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និង ជួយរំដោះការកកស្ទះ ចរាចរណ៍ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។
ជាក់ស្ដែង ដោយប្រមើលឃើញ និង មានការចង្អុលបង្ហាញពីសម្ដេច ហ៊ុន សែន ដែលជម្រុញឲ្យមានការរៀបចំគម្រោងកសាងស្ពានអាកាសថ្មើរជើងបន្ថែមទៀត ហើយគម្រោងនេះ នឹងមិនមែនធ្វើដោយចៃដន្យនោះទេ គឺធ្វើឡើងដោយ បានសិក្សាដោយល្អិតល្អន់ជុំវិញបញ្ហាបច្ចេកទេសនិងជុំវិញបញ្ហាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៥កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ដោយឡែកស្ពានអាកាសថ្មើរជើង២កន្លែងទៀត នៅមុខផ្សារដើមគរ និងមុខសាលាបឋមសិក្សាសន្ធរម៉ុក កំពុងសាងសង់ នឹងដាក់ឲ្យដំណើរការប្រើប្រាស់នៅពេលឆាប់ៗនេះ។
ដោយ៖ Stince
ប្រភព៖ក្នុងស្រុក