We TV Cambodia

រយៈពេល ៤ឆ្នាំ កម្ពុជាលក់ឥណទានកាបូនបានប្រមាណ ១១,៦លានដុល្លារ

រយៈពេល ៤ឆ្នាំ កម្ពុជាលក់ឥណទានកាបូនបានប្រមាណ ១១,៦លានដុល្លារ

ក្នុងរយៈពេល ៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០នេះ កម្ពុជាអាចទាញចំណូលពីការលក់ឥណទានកាបូនប្រមាណ ១១,៦លានដុល្លារ តាមរយៈការអភិរក្សជីវៈចម្រុះ។

លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបាននិយាយថា ក្រសួងបរិស្ថានខិតខំប្រឹងប្រែងអភិរក្សពាក់ព័ន្ធនឹងផ្ទៃដី ៧,៣ លានហិកតាស្មើនឹង ៤១%នៃផ្ទៃដីរបស់ប្រទេស ដែលរួមមានឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ តំបន់អភិរក្សសត្វព្រៃ តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងច្រករបៀងជីវៈចម្រុះមានចំនួនសរុប ៦៩ ទីតាំង ដែលស្ថិកក្នុងទីតាំងធំៗចំនួន៣ គឺដែនជម្រកសត្វព្រៃកែវសីមា, ឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃតាតៃ។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងអភិរក្សត្រូវបានធ្វើឡើងតាមរយៈកម្មវិធីរេដបូក (REDD+) ដែលមានគោលបំណងការពារព្រៃឈើដើម្បីផលប្រយោជន៍ជាតិនិងចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោកក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

កម្មវិធីរេដបូក (REDD+) គឺជាយន្តការអន្តរជាតិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុដើម្បីលើកទឹកចិត្តដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការកាប់បំផ្លាញព្រៃឈើនិងការរិចរិលព្រៃឈើ។

សូមជម្រាបថា កម្ពុជាបានអនុវត្តការការពារសុវត្ថិភាពនៅគម្រោង (REDD+) ចំនួន៣៖ ទីមួយគឺជាមួយរដ្ឋបាលជលផលនៅតំបន់ដីសើមក្នុងឃុំសសរស្តម នៅបឹងទន្លេសាប, ទី២ គឺនៅអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សឧទ្យានជាតិភ្នំគូលែនក្នុងខេត្តសៀមរាប និងទី៣ ជាមួយរដ្ឋបាលព្រៃឈើស្ថិតក្នុងសហគមន៍ភាពជាដៃគូរនៃព្រៃឈើសំរោងក្នុងខេត្តពោធិ៍សាត់។

អត្ថបទដោយ៖ Nevin

Related Articles