We TV Cambodia

រយៈពេល ២ខែក្នុងអំឡុង COVID-19 កម្ពុជាទទួលអ្នកដំណើរបរទេសជាង ២ម៉ឺននាក់

រយៈពេល ២ខែក្នុងអំឡុង COVID-19 កម្ពុជាទទួលអ្នកដំណើរបរទេសជាង ២ម៉ឺននាក់


រយៈពេលជិត ២ខែមកនេះ កម្ពុជាទទួលបានអ្នកដំណើរតាមជើងហោះហើរជាជនជាតិខ្មែរ និងជនជាតិបរទេសជាង ២ម៉ឺននាក់ ដែលភាគច្រើនជាជនជាតិចិន ខណៈមន្ត្រីអាកាសចរណ៍ស៊ីវិសង្ឃឹមថា នៅខែកក្កដានេះ កម្ពុជានឹងមានអ្នកដំណើរកើនលើសពី ២ម៉ឺននាក់។

ជនជាតិចិនត្រឡប់មកកម្ពុជាវិញ (ប្រភព៖ Google)

ឯកឧត្តម ជី អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសរ​ណ៍ស៊ីវិល បានឲ្យដឹងថា ជាធម្មតាកម្ពុជាទទួលបានអ្នកដំណើរពីក្រៅប្រទេសតាមរយៈជើងហោះហើរ ជាមធ្យមពី ១៥,០០០នាក់ ទៅ ២០,០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែតាំងពីមានការរីករាលដាលជំងឺ COVID-19 មក បានធ្វើឲ្យអ្នកដំណើរថយចុះយ៉ាងគំហុគ ដោយក្នុងមួយថ្ងៃស្ទើរតែគ្មានជើងហោះហើរមកពីក្រៅប្រទេសសោះក៏មាន។

ជនជាតិចិនត្រឡប់មកកម្ពុជាវិញ (ប្រភព៖ Google)

ឯកឧត្តម បានបន្តថា បើគិតចាប់ពីខែកុម្ភៈ មកដល់ចុងខែមេសា តួរលេខអ្នកដំណើរសរុបមានប្រមាណតែ ៦ពាន់ ទៅ ៧ពាន់អ្នកប៉ុណ្ណោះ ហើយបើគិតតែក្នុងខែឧសភា មានអ្នកដំណើរសរុបប្រហែល ១៧,០០០នាក់។ ចំណែក ខែមិថុនាវិញ អ្នកដំណើរមានប្រហែល ២ម៉ឺណនាក់ ខណៈខែកក្កដានេះ រំពឹងថានឹងមានអ្នកដំណើរកើនឡើងដល់ ២៥,០០០នាក់ ទៅ ៣០,០០០នាក់។

និស្សិតកម្ពុជាតើបត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត (ប្រភព៖ ក្រសូងព័ត៌មាន)

ឯកឧត្តម បានសង្កត់ធ្ងន់ថា ឥឡូវនេះមានអ្នកដំណើរដែលមកពីបរទេសខ្លះៗហើយ ប៉ុន្តែភាគច្រើនជាអ្នកដែលត្រឡប់មកធ្វើការវិញ និងនិស្សិតដែលត្រឡប់មកលេងផ្ទះប៉ុណ្ណោះ មិនមែនអ្នកទេសចរណ៍នោះទេ ដែលខុសពីមុន ដោយមានអ្នកដំណើរជាអ្នកទេសចរណ៍ច្រើនក្នុងមួយថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air (រូបតំណាង / ប្រភព៖ Cambodia Angkor Air )

សូមជម្រាបថា តាមពាក្យសម្ដីរបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា អ្នកដំណើរនៅពេលនេះមានការធ្លាក់ចុះច្រើនខ្លាំងណាស់ ហើយបើប្រៀបធៀបកាលពីមុនវិញ អ្នកដំណើរពេលនេះមួយខែ ស្ទើរតែមិនបានស្មើអ្នកដំណើរកាលពីមុនវិបត្តិ COVID-19 មួយថ្ងៃផង។

អត្ថបទដោយ៖ Nevin

Related Articles