ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គរទទួលភ្ញៀវទេសចរណ៍បានជិត ៤០ម៉ឺននាក់ ដែលអាចរកចំណូលបានជាង ១៨លានដុល្លារ ធ្លាក់ចុះរហូតដល់៨០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានចំនួន ៨៩លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់ របស់គ្រឹះស្ថានអង្គរ។
ដោយឡែកបើគិតក្នុងខែវិច្ឆិកា ភ្ញៀវទេសចរណ៍បរទេសដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១,២៣៥នាក់ និងអាចរកចំណូលបានត្រឹមតែជាង ៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការធ្លាក់ចុះដ៏ច្រើនបែបនេះ ដោយសារតែវិបត្តិកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរណ៍ជាច្រើនមិនអាចធ្វើដំណើរកំសាន្តបាន។
សូមជម្រាបថា ចំណូលជាង ១៨លានដុល្លារដែលបានមកពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ ត្រូវបានយកទៅឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាជិត៨០ម៉ឺនដុល្លារផងដែរ ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះទាំង ៥សាខានៅភ្នំពេញ និងសៀមរាប៕
អត្ថបទដោយ៖ Nevin
