We TV Cambodia

រយៈពេល ១១ខែ កម្ពុជានាំចេញអង្ករបានប្រមាណ ៦០ម៉ឺនតោន កើនឡើងជាង១៦%

រយៈពេល ១១ខែ កម្ពុជានាំចេញអង្ករបានប្រមាណ ៦០ម៉ឺនតោន កើនឡើងជាង១៦%

ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២០មនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៦០ម៉ឺនតោន ដែលមានការកើនឡើងជាង១៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះយោងតាមការប្រកាសរបស់ក្រសួងកសិកម្ម។

របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ត្រឹមរយៈពេល ១១ខែ កម្ពុជានាំចេញអង្ករបាន ៦០១,០៤៥តោន ក្នុងនោះ អង្ករក្រអូបមានចំនួន ៤៨១,១២៣តោន, អង្ករសចម្រុះមានចំនួន ១១៣,៧០៣តោន និងអង្ករចំហ៊ុយមានចំនួន ៦,១៥១តោន។

ជាមួយគ្នានេះ ក្រសួងកសិកម្មក៏បានបញ្ជាក់ទៀតថា ចំនួននៃការនាំចេញរយៈពេល ១១ខែនេះ មានការកើន១៦,៩% ស្មើនឹង ៨៦,៨៩៦តោន បើធៀបទៅនឹងឆ្នាំ២០១៩ ហើយគ្រាន់តែក្នុងខែវិច្ឆិកាមួយប៉ុណ្ណោះ កម្ពុជាអាចនាំចេញអង្កបានដល់ ៦៤,៧៤០តោន កើនឡើង១៥,១៨% បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០១៩។

សូមជម្រាបថា ប្រទេសដែលជាទីផ្សារនាំចេញអង្ករធំៗបស់កម្ពុជារួមមាន ប្រទេសចិន, សហភាពអ៊ឺរ៉ុប, ប្រទេសសមាជិកអាស៊ានចំនួន៦ និងប្រទេសចំនួន២៧ ក្នុងទ្វីបផ្សេងទៀត។ ប៉ុន្តែប្រទេសដែលកម្ពុជានាំចេញអង្ករច្រើនជាងគេគឺចិន មានចំនួន ២៣៤,៩៤០តោន ស្មើនឹង៣៩,០៩% នៃចំនួនអង្ករនាំចេញសរុប។

អត្ថបទដោយ៖ Nevin

Related Articles