We TV Cambodia

រយៈពេល ០៥ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ១៨មុឺននាក់

រយៈពេល ០៥ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ១៨មុឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

 

សៀមរាប៖ ​ក្នុងយៈពេល០៥ថ្ងៃក្នុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរកម្សាន្តទៅតាមបណ្ដារខេត្តនានា ដែលជាគោលដៅទេសចរណ៍ ក្នុងនោះដែរខេត្តសៀមរាបជាខេត្តមួយដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងបណ្ដារខេត្តដទៃ ដែលមានជាង ១៨មុឺននាក់។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ខេត្តសៀមរាប។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានទេសចរ ១៨១,៨៦៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ១៨មុឺននាក់ និងទេសចរបរទេស ១,៨៦៨នាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបបានរៀបចំព្រឹត្តការណ៍ និងកម្មវិធីប្លែកៗជាច្រើន ដែលមានឈ្មោះថា “សម្រាកសៀមរាប” ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាកម្សាន្តនាឱកាសថ្ងៃឈប់សម្រាករយៈពេលវែង។

លោកបន្តថា កម្មវិធីសម្រាកសៀមរាប មានកម្មវិធីកំសាន្តជាច្រើន រួមមាន កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ,កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២,កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប,ផ្សារទឹក ,ផាប់ស្ទ្រីត,កម្មវិធីជិះកង់,កម្មវិធីកីឡាវាយកូនហ្គោល,កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន នឹងផ្ទាំងទស្សនីយភាពសិល្បៈ។ 

ទន្ទឹមនឹងនេះ ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាបបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដូចជា ត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា លាងសម្អាតដៃជាមួយជែល ឬអាល់កុលលាងដៃ (បានដាក់សាប៊ូលាងដៃជូននៅតាមទីសាធារណ) និងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

 

Related Articles