អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ
ភ្នំពេញ៖ ក្នុងរយៈពេល០២ ថ្ងៃ ក្នុងថ្ងៃឈប់សម្រាកសងជំនួសបុណ្យចូលឆ្នាំនេះ ភ្ញៀវទេសចរជាតិមកទស្សនាកម្សាន្តនៅតាមបណ្ដាខេត្តនានាមានចំនួនច្រើនកុះករ ក្នុងនោះភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តឧត្តរមានជ័យមានចំនួនសរុប ៣,៤៧៩នាក់ និងភ្ញៀវបរទេស ០៤នាក់។ នេះបើតាមក្រសួងទេសចរណ៍ថ្ងៃ ១៩ សីហា ឆ្នាំ២០២០។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ខេត្តឧត្តរមានជ័យបានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៣,៤៧៩នាក់ និងភ្ញៀវបរទេស ០៤នាក់។
ក្រសួងបានឱ្យដឹងទៀតថា រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្នុងខេត្ត ដែលមានភ្ញៀវទៅទស្សនា រួមមាន រមណីយដ្ឋានផ្ទះតាម៉ុក សារមន្ទីរ ,តំបន់ធម្មជាតិរលុះធំ, តំបន់ធម្មជាតិ អាតោរូងដែកសង្ឃរុក្ខាវ័ន,ប្រាសាទតាមាន់, តំបន់ធម្មជាតិ,ទីតាំងកំសាន្តផ្សេងៗ ដូចជាសួនច្បារ ជាដើម។
ដោយឡែក ខេត្តប៉ៃលិនក៏ទទួលភ្ញៀវទេសចរជាតិមនចាញ់ខេត្តផ្សេងៗដែរ ពោលគឺមានចំនួន ៨,២១៧នាក់ ឯណោះក្នុងរយៈពេល០២ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក។ ចំពោះស្ថានភាពទូទៅ ឃេីញថាមានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ មានការយាមប្រចាំការពីកម្លាំងសមត្ថកិច្ច ចំណែកមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ មានការយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានដាក់សាប៊ូលាងដៃ និងទឹកអាល់កុលសម្រាប់ភ្ញៀវផងដែរ៕
រូបភាព៖ ក្រសួងទេចរណ៍
