
ដោយៈ ទិន សុខាវុធ
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ នៅឯវិមានសន្តិភាព ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល លោក ជា វុទ្ធី ដែលជាអគ្គលេខាធិការរងនៃគណកម្មាធិការវិនិយោគកម្ពុជា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គិតចាប់តាំងពីឆ្នាំ ២០១៦ មកដល់ខែ សីហា ឆ្នាំ ២០១៩ CDC បានចុះបញ្ជីគំរោងវិនិយោគចំនួន ៨៣១ គំរោង សរុបទុនវិនិយោគប្រមាណជាជាង $22.5 ពាន់លានដុល្លារ។
«នៅក្នុងវិស័យវិនិយោគ កម្ពុជាក៏សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក» នេះជាការលើកឡើងរបស់លោក ជា វុទ្ធី ។
លោកបានបន្ថែមថា ដោយមានសុខសន្តិភាព និងស្ថេរភាពនយោបាយយ៉ាងពេញបរិបូណ៍ក្នុងផ្ទៃប្រទេស ក្នុងកំឡុងពេលជាងពីរទស្សវត្សចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៧.៧ ភាគរយក្នុងមួយឆ្នាំ។ កត្តានេះបានធ្វើអោយកម្ពុជាឆ្លងផុតពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកំរឹតទាប ក្នុងឆ្នាំ ២០១៥ ។
លោក ជា វុទ្ធី បានគូសបញ្ជាក់ថា៖ «គិតត្រឹមខែសីហា ឆ្នាំ២០១៩ នេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានប្រតិបត្តិការមានចំនួន ២៣តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៤៨២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៣,៦ប៊ីលានដុល្លារអាមេរិក ហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ១៥%នៃទំហំនាំចេញសរុប របស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៨»។
យោងតាមមន្ត្រី CDC រូបនេះ គិតចាប់ពីឆ្នាំ ២០១៦ ដល់ខែ សីហា ឆ្នាំ ២០១៩ គំរោងវិនិយោគលេចធ្លោជាងគេ គឺគំរោងវិនិយោគក្នុងវិស័យទេសចរណ៍ ដែលមានប្រមាណជា ៤៧ ភាគរយនៃទំហំវិនិយោគសរុប។ នៅសល់ពីនោះ គឺជាគំរោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានប្រមាណជា ២៤ ភាគរយ គំរោងវិនិយោគក្នុងវិស័យឧស្សាហកម្មនិងកម្មន្តសាល មានប្រមាណជា ២៣ ភាគរយ ចំណែកឯគំរោងវិនិយោគក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានប្រមាណជា ៦ ភាគរយ៕
