We TV Cambodia

របាយការណ៍៖ ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩

របាយការណ៍៖ ការវាយតម្លៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩

ប្រែសម្រួលដោយ៖ពេជ្រ

រូបភាព ឯកសារ

ខណៈពេលដែលស្ថានភាពពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាចលាចលនៅទីក្រុងហុងកុង និងអស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកលលោក ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិន, សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងតំបន់មានកំណើនថមថយ  ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តរក្សាបានកំណើន រឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។

បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៨ កន្លងទៅកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ កំណើននេះត្រូវបានគាំទ្រដោយកំណើនខ្ពស់លើសការរំពឹងទុកនៃអនុវិស័យកាត់ដេរ, កំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យអចលនទ្រព្យ។

ទន្ទឹមនឹងការកើនឡើងនេះដែរ  សេដ្ឋកិច្ចកម្ពុជានៅជួបប្រទះបញ្ហាប្រឈមជារចនាសម្ព័ន្ធសំខាន់ៗចំនួន ២ គឺ ភាពប្រកួតប្រជែងនៅមានកម្រិត និងភាពយឺតយ៉ាវនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានប៉ាន់ស្មានថា នឹងបន្តកំណើនខ្ពស់ក្នុងរង្វង់ ៧,១% ដែលគាំទ្រដោយការកើនឡើងខ្ពស់នៃអនុវិស័យសំណង់, អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ស្របនឹងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ, អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ, អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យលក់ដុំ-រាយ ខណៈដែលវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តកំណើនយឺត។

ក្នុងនោះ វិស័យឧស្សាហកម្មបានដើរតួយ៉ាងសំខាន់ជាវិស័យជំរុញកំណើន និងកើនឡើងក្នុងអត្រាប្រមាណ ១១,០% ដោយសារកំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ បើទោះបីជាកំណើនអនុវិស័យកាត់ដេរមានការថមថយបន្តិចក៏ដោយ។

ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ ២០១៩ នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ១០៨ ២៩៨ ប៊ីលានរៀល ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១ ៦៧៤ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជារក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណជា ២,៣% ក្នុងឆ្នាំ ២០១៩ ដែលថមថយពី ២,៥% ក្នុងឆ្នាំ ២០១៨ ដោយសារការធ្លាក់ចុះនៃថ្លៃដឹកជញ្ជូន ស្របនឹងការធ្លាក់ចុះថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពក្នុងតម្លៃប្រមាណ ៤ ០៥៤ រៀលក្នុង ១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៩ នេះ៕

ប្រភព៖ក្រសួងសេដ្ឋកិច្ច

 

Related Articles