We TV Cambodia

របរត្បាញកន្ទេល កេរ្តិ៍ដំណែលដូនតា កំពុងដង្ហើយហៅរកការគាំទ្រពីពលរដ្ឋខ្មែរ

របរត្បាញកន្ទេល កេរ្តិ៍ដំណែលដូនតា កំពុងដង្ហើយហៅរកការគាំទ្រពីពលរដ្ឋខ្មែរ

ទោះបីជាបច្ចុប្បន្នអ្វីគ្រប់យ៉ាងកាន់តែរីកចម្រើនទៅមុខក្ដី ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំរកាកោង នៅតែបន្តដែររក្សារបរត្បាញកន្ទេល ដែលជាកេរ្តិ៍ដំណែលដូនតារហូតមកទល់សព្វថ្ងៃ និងកំពុងដង្ហើយហៅរកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

អ្នកស្រី សំ សុភា ជាអ្នកត្បាញកន្ទេលកក់ក្រហមមួយរូបរស់នៅភូមិព្រែកជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានឲ្យដឹងថា គ្រួសារអ្នកស្រីបានបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមខ្មែរនេះតំាងពីយូរមកហើយ ដោយសារតែចង់រក្សាប្រពៃណីពីបុរាណ និងនៅមានតម្រូវការទីផ្សារខ្លះដែរ ព្រោះប្រជាពលរដ្ឋនៅតែពេញនិយមប្រើកន្ទេលកក់ក្រហមខ្មែរសម្រាប់ក្រាលក្នុងពិធីផ្សេងៗ។

អ្នកស្រីបន្តថា ការធ្វើកន្ទេលកក់ក្រហមនេះ ត្រូវការប្រើកម្លាំងមនុស្សចាប់ពី ២ ទៅ ៣នាក់ ហើយក្នុង ១ថ្ងៃអាចត្បាញបានកន្ទេលតែ ១ប៉ុណ្ណោះ ដោយលក់ក្នុងតម្លៃពី ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ទៅតាមទំហំកន្ទេលតូច ឬធំ។ មិនតែប៉ុណ្ណោះ អ្នកស្រីថា កន្ទេលនេះធ្វើឡើងដោយគិតពីគុណភាព ប្រើប្រាស់បានយូរ, ត្រជាក់គេងលក់ស្រួល និងមានភាពស្រស់ស្អាតមិនចាញ់កន្ទេលជ័រនោះទេ។

សូមជម្រាបថា នៅក្នុងភូមិព្រែកជ្រៅ ក្រៅពីអ្នកស្រី សំ សុភា ក៏មានប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារទៀតដែរ ដែលនៅតែបន្តរបរត្បាញកន្ទេលកក់ក្រហមនេះ ហើយពួកគេក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួយគាំទ្រផលិតផលកន្ទេលក្រហមនេះផងដែរ ដើម្បីអាចមានលទ្ធភាពក្នុងបន្តរក្សាកេរ្តិ៍ដំណែលដូនតាតទៅថ្ងៃមុខទៀត។

អត្ថបទដោយ៖ Nevin

Related Articles