មុខរបរដាំឫស្សីផ្អែមកំពុងជួយឲ្យកសិករក្នុងខេត្តបាត់ដំបងអាចរកចំណូលបានជាង ៩ពាន់ដុល្លារក្នុងមួយឆ្នាំ គិតជាមធ្យមប្រមាណជាង ៧០០ដុល្លារក្នុងមួយខែ។ នេះបើតាមការប្រកាសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក លី វិន ម្ចាស់អាជីវកម្មដាំឫស្សីផ្អែមស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោកដាំដំណាំឫស្សីនេះលើផ្ទៃដីចំនួន ៣ហិចតា ហើយលោករកចំណូលពីអាជីវកម្មនេះតាមរយៈ ការបណ្តុះកូនឫស្សី, ជីកទំពាំងលក់ និងលក់ដើមប្ញស្សី។
លោកបន្តទៀតថា ចំពោះកូនឫស្សី ១ដើមលក់បានតម្លៃ ៣០០០រៀល, ទំពាំង ១គីឡូ ២៥០០រៀល, ឫស្សី ១ដើមតម្លៃ ៣០០០រៀល) ហើយរៀងរាល់ ៥ថ្ងៃប្រមូលទំពាំងម្តង បើគិតជាមធ្យមក្នុងមួយលើកប្រមូលទំពាំងបាន ១ ៤០០គីឡូក្នុងមួយហិចតា។ កាលពីឆ្នាំ២០១៩ គាត់រកចំណូលសរុបបានជាង ៩ ០០០ដុល្លារ។
ឯកឧត្តម វេង សាខុន ក៏បានអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើដាំឫស្សីផ្អែមនេះ ព្រោះវាជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និងកូនទៀតផង បើយើងដាំបានផលឫស្សីនេះនឹងជួយបង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃឈើបានល្អប្រសើរ ដោយមិនចាំបាច់ទៅពឹងផ្អែកលើផល និងអនុផលព្រៃឈើទាំងស្រុងនោះទេ។
សូមបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ របរមួយចំនួនក្នុងវិស័យកសិកម្មបានជួយជម្រុញជីវភាពប្រជាជនកម្ពុជាបានយ៉ាងច្រើនដូចជា៖ ចិញ្ចឹមបង្កង, ដាំស្មៅលំអសួន, ចិញ្ចឹមចៀម, ដាំឫស្សីផ្អែម, ដាំទំពាំងបាយជូ និងការចិញ្ចឹមឃ្មុំយកទឹកជាដើម។
អត្ថបទដោយ៖ Nevin