
កសិករមួយរូបក្នុងខេត្តពោធិ៍សាត់ អាចរកចំណូលពីរបរដាំស្ពៃក្រញ៉ាញ់បានប្រមាណជិត ១ពាន់ដុល្លារក្នុងមួយខែៗ។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

អ្នកស្រី តាន់ សេងលី ជាកសិកររស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា អ្នកស្រីប្រកបរបរដាំស្ពៃក្រញ៉ាញ់អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងដាំលើផ្ទៃដីទំហំ ៦អា ដោយត្រូវចំណាយផលិតកម្មដូចជា ការរៀបចំដី, គ្រាប់ពូជ, ជីទ្រាប់បាត, ទុយោទឹកស្រោចស្រព, ការវេចខ្ចប់ និងការចំណាយផ្សេងៗ អស់ថវិកាសរុបចំនួន ៣៨៥,០០០រៀលក្នុងការដាំដំណាំមួយវគ្គៗ។

អ្នកស្រីបានបន្តថា ដំណាំស្ពៃក្រញ៉ាញ់ដាំរយៈពេលតែ ៣៥ថ្ងៃ ទៅ ៤០ថ្ងៃប៉ុណ្ណោះនឹងអាចទទួលបានផលបណ្តើរៗហើយ ហើយចំពោះទិន្នផលសរុបទទួលបានចំនួន ១,៤៤០គីឡូ ដោយលក់ក្នុងតម្លៃ ២,៥០០រៀលក្នុងមួយគីឡូចំពោះការបោះដុំ។ ចំណែក តម្លៃលក់នៅទីផ្សារគឺ ៣,០០០រៀលក្នុងមួយគីឡូ ហើយក្នុងមួយវគ្គដែលមានរយៈពេល ៣០ថ្ងៃ ទៅ ៤៥ថ្ងៃនេះ អ្នកស្រីទទួលបានផលចំណេញប្រមាណ ៣,២១៥,០០០រៀល។

មន្ត្រីកសិកម្មបានបញ្ជាក់ថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ប៉ុន្តែទិន្នផល និងតម្លៃគឺមិនបានធ្លាក់ចុះនោះទេ ផ្ទុយទៅវិញតម្រូវការបែរជាមានការកើនឡើង ដោយសារតែការនាំចូលពីខាងក្រៅត្រូវបានកាត់បន្ថយ។
អត្ថបទដោយ៖ Nevin
