មុនខរបរចិញ្ចឹមកង្កែបកំពុងជួយឲ្យយុវជនក្នងខេត្តសៀមរាបម្នាក់អាចរកចំណូលបានប្រមាណជាង ២ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ដែលគិតជាមធ្យមប្រមាណជិត ២ពាន់ដុល្លារក្នុងមួយខែ។
លោក គង់ គឹមឆាវ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបមួយរូបក្នុងខេត្តសៀមរាបបានឲ្យដឹងថា លោកបានចិញ្ចឹមកង្កែបរយៈពេលជិត ៣ឆ្នាំមកហើយ ដោយមុនពេលមកចិញ្ចឹមកង្កែប លោកធ្លាប់ជាបុគ្គលិកលក់ចំណីសត្វ និងបានធ្វើការស្រាវជ្រាវពីការចិញ្ចឹមកង្កែបនេះ។
លោកបន្តទៀតថា លោកចិញ្ចឹមកង្កែបដើម្បីយកសាច់ និងយកកូនលក់ ដោយកង្កែបសាច់ក្នុងមួយគីឡូក្រាមលក់បាន ៧ពាន់រៀល ចំណែកកូនវិញ ក្នុងមួយក្បាលលោកលក់ក្នុងតម្លៃ ២០០រៀល ទៅ៣០០រៀលតាមទំហំតូច ឬធំ។ មួយវិញទៀត ការចិញ្ចឹមសត្វកង្កែបគឺឆាប់ទទួលបានផល ដោយប្រើរយៈពេលត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា មុនវិបត្តិជំងឺកូវីដ១៩ លោកលក់កង្កែបសាច់បានច្រើនជាងលក់កូន ប៉ុន្តែក្នុងកំឡុងវិបត្តិ COVID-19 លោកលក់កូនកង្កែប បានច្រើនជាងសាច់វិញម្ដង។
លោក គង់ គឹមឆាវ ក៏បានបញ្ជាក់ដែរថា ចំពោះវិធីសាស្ត្រចិញ្ចឹមកង្កែបមានច្រើនប្រភេទទៅតាមធនធាន កន្លងមកលោកបានណែនាំពីវិធីសាស្ត្រចិញ្ចឹមកង្កែបដល់អតិថិជន ដែលបានទិញកូនកង្កែបទៅដោយមិនគិតថ្លៃឡើយ។ តាមបទពិសោធន៍របស់លោក ការចិញ្ចឹមនៅក្នុងអាងស៊ីម៉ង់ត៍មានប្រសិទ្ធិភាពជាង ងាយស្រួលចិញ្ចឹម ព្រមទាំងអាចប្រើការបានយូរអង្វែងទៅមុខទៀតផង៕
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក