We TV Cambodia

រតនគិរី៖ តំបន់ទេសចរណ៍វាលធំ នៃឧទ្យានជាតិវីរៈជ័យ កំពុងបង្អួតសម្រស់អ្នកទេសចរគ្រប់រដូវកាល

រតនគិរី៖ តំបន់ទេសចរណ៍វាលធំ នៃឧទ្យានជាតិវីរៈជ័យ កំពុងបង្អួតសម្រស់អ្នកទេសចរគ្រប់រដូវកាល

ដោយ៖ ពេជ្រ

រតនគិរី៖​ តំបន់ទេសចរណ៍ដែលកំពុងបង្អួតសម្រស់ដ៏ស្រស់ត្រកាល នាទឹកដីនៃភាគទិសឦសាន នៃខេត្តរតនគិរី ក្នុងឧទ្យានវីរជ័យ ជាតំបន់ទេសចរណ៍ឋានសួគ៌អាថ៌កំបាំងដ៏ស្រស់ស្អាតព្រោះកម្រមានអ្នកបានទៅទស្សនា និងបានស្គាល់ឈ្មោះនិងបានទៅទស្សនាទីកន្លែងនោះណាស់។

ឧទ្យានជាតិវីរៈជ័យ ជាតំបន់ស្ថិតនៅភូមិភាគឦសាន ដែលគ្របដណ្តប់ក្នុងភូមិសាស្ត្រពីរគឺខេត្តរតនៈគីរី(ស្រុកវើនសៃ&តាវែង) និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីសរុបចំនួន ៣៣២.៥០០ ហិកតា និងជាប់ព្រំដែនប្រទេសវៀតណាមនិងឡាវ។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះមានទន្លេពីរខ្សែដែលឆ្លងកាត់គឺ ទន្លេសេសាន(ខាងត្បូង) និងទន្លេសេកុង(ខាងលិច) ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។

ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែនដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេង​យ៉ាង​សប្បាយ។ ដើម្បីទៅដល់ទីតាំងកំសាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥​គីឡូ​ម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉ន​ដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅ​ទីនោះហើយដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។

ដោយឡែកនៅក្នុងតំបន់ស្រស់ត្រកាលនេះ ជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់​ស្រុកដែល​នឹងធ្វើ​បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ដែលផ្តលការស្នាក់នៅដោយ​ផាសុខភាព​បែបជនជាតិ និង​ការរីករាយ​ជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ៕

រូបភាព៖Cardamom Mountain

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *