We TV Cambodia

រដ្ឋាភិបាលអង់គ្លេសបានចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណជាង ៦០០,០០០នាក់រួចហើយ

រដ្ឋាភិបាលអង់គ្លេសបានចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណជាង ៦០០,០០០នាក់រួចហើយ

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះបានឱ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានចាក់វ៉ាក់សាំងប្រជាជនជាង ៦០០,០០០នាក់ហើយ ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សម្រាប់ដូសដំបូងរួចហើយ គិតចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកាលពីដើមខែធ្នូនេះមកម្ល៉េះ។

នាយកដ្ឋានសុខាភិបាលអង់គ្លេស បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះរដ្ឋាភិបាលអង់គ្លេស បានរាយការណ៍ឲ្យដឹងថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 ចន្លោះពីថ្ងៃទី០៨ ខែធ្នូ ដល់ថ្ងៃទី២០ ខែធ្នូនៅចក្រភពអង់គ្លេសមានចំនួន ៦១៦,៩៣៣នាក់ហើយ»។ កាលពីដើមខែធ្នូនេះ ចក្រភពអង់គ្លេសបានក្លាយជាប្រទេស ដំបូងគេបង្អស់នៅលើពិភពលោក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។

គួរជម្រាបផងដែរថា ចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer ចំនួន ៤០លានដូស ដោយរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) បាននិយាយថា លោករំពឹងថា នឹងទទួលបានដូសរាប់លានដូសទៀតនៅចុងឆ្នាំ២០២០នេះ។

អត្ថបទដោយ៖ ​ពិសី

Related Articles