យោងទៅតាមសេចក្តីថ្លែងការណ៍រួមរវាងក្រុមហ៊ុនពាណិជ្ជកម្មបៃតង (GTC) ដែលគ្រប់គ្រងដោយរដ្ឋ និងជាផ្នែកមួយនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បាននិយាយថា ការផ្សព្វផ្សាយព័ត៌មានអំពីការកើនឡើងនូវករណីវីរុសដែលបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមចំនួនប្រជាជន។ របាយការណ៍នោះបានបន្ថែមទៀតថា នៅពេលដែលប្រជាជនភ័យស្លន់ស្លោរពួកគេបាននាំគ្នាទិញទំនិញ ដែលធ្វើឲ្យមានកង្វះខាតអាហារជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យម្ហូបអាហារមានការឡើងថ្លៃ។
«ពួកយើងស្នើរឲ្យប្រជាជនសូមកុំមានការព្រួយបារម្ភពីបញ្ហាស្រូវអង្ករ ព្រោះថាការសម្រុកទៅទិញដោយសារភាពភ័យខ្លាចនៃមេរោគនេះនឹងធ្វើឲ្យឈ្មួញមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករ»។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាសមាជិករបស់ CRF រួមជាមួយ GTC បានស្តុកទុកអង្ករជាច្រើនដើម្បីលក់នៅតាមទីផ្សារក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសរួចទៅហើយ។ សហព័ន្ធក៏បានបញ្ចាក់ថា អង្ករ និងស្រូវមិនទាន់កិនបានស្តុកប្រមាណ ៤០០រោងម៉ាស៊ីនកិនស្រូវ ហើយបរិមាណនេះក៏អាចបំពេញតម្រូវការក្នុងស្រុក ព្រមទាំងគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការនាំចេញផងដែរ។
គិតត្រឹមថ្ងៃទី១៦ ខែមីនា ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០១៩-២០២០ បានកើនឡើងប្រមាណ៨០% ស្មើនឹង ២,៣លានតោន។ តួលេខដែលបានពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលតែ ២ខែប៉ុណ្ណោះ កម្ពុជាបាននាំចេញអង្ករ ១៣៦,៤៩៩តោន កើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ចាក់ថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីការព្រមានដែលចេញដោយក្រសួងពាណិជ្ជកម្មសហការជាមួយស្ថាប័នរដ្ឋាភិបាលថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មដែលកំពុងកេងចំណេញពីស្ថានភាពផ្ទុះឡើងនៃំរោគ COVID-19 ដោយធ្វើការតំឡើងថ្លៃទំនិញដែលចាំបាច់សម្រាប់ប្រើប្រាស់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស៊ាង ថាយ បានថ្លែងថា «មន្រ្តីតំណាងអធិការដ្ឋានការនាំចេញ និងនាំទំនិញក្លែងបន្លំនឹងធ្វើការត្រួតពិនិត្យនៅតាមផ្សារ និងហាងទំនិញនានា ហើយពន្យល់ដល់អ្នកលក់ឲ្យបញ្ឈប់ការឡើងថ្លៃ»។
លោកក៏បាននិយាយបន្ថែមថា វិធានការណ៍នេះកំពុងត្រូវបានធ្វើឡើងដើម្បីរំងាប់ភាពភ័យស្លន់ស្លោរបស់ប្រជាជន ហើយលោកក៏ស្នើរឲ្យប្រជាជនកុំមានការភ័យស្លន់ស្លោជ្រុល ជាពិសេសពាក្យចចាមអារាមដែលគ្មានមូលដ្ឋានច្បាស់លាស់។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក