ថៃ៖ រដ្ឋាភិបាលប្រទេសថៃ បានសម្រេចចុះហត្ថលេខា បើកកញ្ចប់ជំនួយថវិការជាតិ ដល់ទៅ៣.១២ពាន់លានបាត ដើម្បីជួយទៅដល់វិស័យកសិកកម្ម ខណៈដែលកំពុងជួបប្រទះនូវភាពរាំងស្ងួត ។
យោងទៅតាមអ្នកស្រី Rachada Dhanadirek អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បានឲ្យដឹងថា នេះគឺជាកញ្ចប់ថវិការជាតិ ចុងក្រោយក្នុងគម្រោងទាំងប្រាំ ដែលអាចជួយទៅដល់ កសិករ ចំនួន ៥៣៨.៣១៦ នាក់ដែលមានសិទ្ធិទទួលបាននៅក្នុងខេត្តចំនួន ១៩ ។ កញ្ចប់ថវិការនេះ គ្របដណ្ដប់ទៅលើ គម្រោងចំនួន៥ រួមមាន គម្រោងលើកកម្ពស់កសិករ ដាំដំណាំដែលប្រើប្រាស់ទឹកតិច គម្រោងរក្សាគុណភាព និង បរិមាណផលិតកម្មស្រូវ គម្រោង លើកកម្ពស់កសិករចិញ្ចឹមត្រីទីឡាប្យា និង បសុបក្សី។
គម្រោងលើកកម្ពស់កសិករដែលដាំដំណាំដែលប្រើប្រាស់ទឹកតិចត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៣៤៨ លានបាត គ្របដណ្តប់លើផ្ទៃដី ១,៤ លានរ៉ៃ និងមនុស្ស ១៥០.០០០ គ្រួសារ។ គម្រោងរក្សាគុណភាពនិងបរិមាណស្រូវសម្រាប់ឆ្នាំដាំ ២០២០/២០២១ នឹងត្រូវចំណាយទឹកប្រាក់ដល់ទៅ ១,៧៤ ពាន់លានបាត គ្របដណ្តប់លើផ្ទៃដី ៦,៣២ លានរ៉ៃ។
រដ្ឋាភិបាលថៃ ថាមានចំនួនកសិករប្រមាណជា ៨២៧.០០០ គ្រួសារនឹងចូលរួមទទួលបាននូវ គម្រោងនេះ។ ហើយកសិករនឹងត្រូវបានអនុញ្ញាតិឲ្យទទួលបាន ត្រឹមតែ ១គម្រោងតែប៉ុណ្ណោះ ខណៈដែលកសិករនោះមានសិទ្ធិកាន់កាប់ដីធ្លី ហើយនឹងមានសិទ្ធិទទួលបាននូវគម្រោង ដែលជំរុញឱ្យកសិករដាំដំណាំប្រើប្រាស់ទឹកតិច និងរក្សាគុណភាព និងបរិមាណស្រូវសម្រាប់ឆ្នាំ ២០២០/២០២១ ។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក