
យោងតាមការចុះផ្សាយរបស់សារពត៌មាន CNA រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចបិទប្រទេសទាំងស្រុងចំនួន៣សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងកើនឡើងឥតឈប់ឈរ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយទៅកាន់ប្រជាជនចក្រភពអង់គ្លេសថា «ចាប់ពីល្ងាចថ្ងៃចន្ទនេះតទៅ ខ្ញុំត្រូវដាក់បទបញ្ជាមួយដល់ប្រជាជនអង់គ្លេសគឺ អ្នកត្រូវស្នាក់នៅផ្ទះ»។ មិនតែប៉ុណ្ណោះ ហាងទំនិញដែលមិនចាំបាច់ក៏ត្រូវផ្អាកបណ្ដោះអាសន្ន ហើយការប្រមូលផ្ដុំគ្នាចាប់ពី ២នាក់ឡើងទៅក៏ត្រូវបានហាមប្រាមផងដែរ។
លោកបានបន្ថែមថា សកម្មភាពមួយចំនួននៅតែត្រូវបានអនុញ្ញាតដូចជា ការចេញទៅទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ទិញចំណីអាហារ ថ្នាំពេទ្យ និងការធ្វើដំណើរទៅ ឬមកពីកន្លែងធ្វើការផងដែរ។ ចំណែកការរៀនចំពិធីផ្សេងៗត្រូវហាមឃាត់ទាំងអស់ លើកលែងតែពិធីបុណ្យសពប៉ុណ្ណោះ។

លោក Johnson ក៏បានបញ្ជាក់ទៀតថា ប្រសិនបើស្ថានការណ៍បានធូរស្រាល រដ្ឋាភិបាលនឹងសើរើការរឹតត្បិតនេះម្ដងទៀតក្នុងពេលសប្តាហ៍ខាងមុខ ប៉ុន្តែបច្ចុប្បន្នយើងគ្មានជម្រើសណាដែលល្អជាងនេះទេ។
គិតមកត្រឹមយប់ថ្ងៃទី២៤ ខែមីនានេះ ចក្រភពអង់គ្លេសមានអ្នកឆ្លងមេរោគ COVID-19 ចំនួន ៦៦៥០នាក់ហើយ ចំណែកអ្នកស្លាប់បានកើនឡើងដល់ ៣៣៥នាក់ឯណោះ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
