
ដោយៈ ទិន សុខាវុធ
នៅពេលថ្មីៗនេះ ដោយនៅក្នុងក្រុង ភ្នំពេញ នៅពេលបច្ចុប្បន្ននេះ មានជនខិលខូចមួយចំនួន បានដើរបោកប្រាស់ប្រជាពលរដ្ឋអោយទិញផ្ទះដែលត្រូវបានសង់ឡើង ដោយមិនស្របច្បាប់ លោករដ្ឋមន្ត្រីដែនដីនិងនគរូបនីយកម្ម ជា សុផារ៉ា បានផ្តល់អនុសាសន៍ដល់បណ្តាអ្នកទិញផ្ទះទាំងឡាយថា មុននឹងទិញត្រូវពិនិត្យមើលភាពស្របច្បាប់របស់គេហដ្ឋានទាំងនោះ អោយបានច្បាស់លាស់ជាមុនសិន។ ហើយបើគ្រាន់តែជាផ្ទះរបស់បុគ្គលម្នាក់ ប្រជាពលរដ្ឋមិនគួរប្រថុយទិញឡើយ។
លោករដ្ឋមន្ត្រីបានពន្យល់បន្ថែមទៀតថា មុនគេបង្អស់ អ្នកទិញផ្ទះត្រូវសិក្សាអោយបានច្បាស់ ពីប្រវត្តិរបស់ដីដែលនៅលើនោះផ្ទះត្រូវបានសង់ឡើង ដើម្បីរកអោយឃើញថា តើដីនោះស្របច្បាប់ឬយ៉ាងណា។ ពោលគឺត្រូវធ្វើការស៊ើបសួរអាជ្ញាធរមានសមត្ថកិច្ចដូចជា មេភូមិ មេឃុំជាដើម។
បន្ទាប់មកទៀត អ្នកទិញផ្ទះត្រូវស៊ើបសួរពីប្រវត្តិរបស់ក្រុមហ៊ុនលក់ផ្ទះ ដើម្បីអោយដឹងថា តើក្រុមហ៊ុននោះត្រូវបានចុះបញ្ជីត្រឹមត្រូវដែរឬទេ ហើយក្រុមហ៊ុននោះធ្លាប់មានបញ្ហាជាមួយអតិថិជនពីមុនមកដែរឬយ៉ាងណា។
ចុងក្រោយបង្អស់ប្រជាពលរដ្ឋក៏មិនគួរទុកចិត្តពេកដែរ ចំពោះក្រុមហ៊ុនណាដែលលក់ផ្ទះក្នុងតំលៃយ៉ាងទាបមានដូចជាពី $5,000 ទៅ $6,000 ដុល្លារដោយមិនបាច់កក់ប្រាក់ទុកជាមុនជាដើម៕
