We TV Cambodia

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងតំបន់អាស៊ាន

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងតំបន់អាស៊ាន

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ចង់ប្រែក្លាយកម្ពុជា​ឱ្យទៅជាមជ្ឈមណ្ឌលចែកចាយ​ទំនិញ​នៅក្នុងតំបន់អាស៊ាន​ ដោយបានលើកឡើងថា តាមភូមិសាស្ត្រតំបន់អាស៊ាន កម្ពុជា ជាប្រទេសមួយនៅចំចំណុចកណ្តាល ដែលងាយស្រួលក្នុងការ​តភ្ជាប់ការដឹកជញ្ជូន និងចែកចាយទំនិញ។ នេះបើតាមប្រសាសន៍ឯកឧត្តមនាព្រឹកថ្ងៃ ១០ កញ្ញា ឆ្នាំ២០២០។

ឯកឧត្តមបានឱ្យដឹងថា ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបលោកទេសរដ្ឋមន្ត្រីចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។ បច្ចុប្បន្ននេះក្រសួងបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរីបង្ហាញចំណាប់​អារម្មណ៍ខ្ពស់លើ​គម្រោងមួយនេះ។

តួយ៉ាង  កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH តាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តមបន្តថា ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ លើសពីនោះទៀត ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ាជាដើម។

បើតាមលោក ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលជាឆ្អឹងខ្នងសម្រាប់គាំទ្រគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ៕

 

 

Related Articles