
ដោយៈ ទិន សុខាវុធ
ឯកឧត្តម ប៉ាន សូស័ក្តិ បានអះអាងថា ផ្សារទំនើប AEON ទី ៣ របស់ក្រុមហ៊ុនជប៉ុន នឹងត្រូវសាងសង់ឡើងនៅឆ្នាំ ២០២០ ខាងមុខនេះ នៅពេលដែលទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន កើនដល់ $2,000 លានដុល្លារ។
យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ លោករដ្ឋមន្ត្រី ប៉ាន សូស័ក្តិ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ $1,600 លានដុល្លារនៅក្នុងឆ្នាំ ២០១៨ គឺកើនឡើងប្រមាណ ១០% ធៀបទៅនឹងឆ្នាំ ២០១៧ ហើយអាចកើនឡើងដល់ $2,000 លានដុល្លារ នៅឆ្នាំ ២០២០ ខាងមុខនេះ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយផលិតផលជប៉ុនមួយចំនួនក៏ត្រូវបាននាំចេញទៅលក់នៅប្រទេសជិតខាងកម្ពុជា មានដូចជាប្រទេសថៃជាដើម។
នៅក្នុងឱកាសនោះ លោកទូតជប៉ុន MIKAMI Masahiro បានទទួលស្គាល់ថា ពិតជាមានក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើង ៗ មកវិនិយោគនៅកម្ពុជា ដែលជាកក្តាជួយជាវិភាគទានជំរុញអោយមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ 7.2% ក្នុងមួយឆ្នាំ។
លោកទូតបានសង្កត់ធ្ងន់ថា កក្តាដ៏សំខាន់ដែលនាំអោយមានកំណើនសេដ្ឋកិច្ចដ៏គួរអោយកត់សំគាល់នេះ គឺមកពីកម្ពុជាមានស្ថេរភាពនយោបាយ និងសន្តិសុខសង្គម៕
