We TV Cambodia

រដ្ឋមន្ត្រីក្រសួងការងារ៖ ការដក EBA មិនប៉ះពាល់ដល់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករទេ

រដ្ឋមន្ត្រីក្រសួងការងារ៖ ការដក EBA មិនប៉ះពាល់ដល់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករទេ

ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប មិនបានធ្វើឲ្យប៉ះពាល់ដល់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២១ ខាងមុខនេះនោះទេ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណណ្ដាលវិជ្ជាជីវៈ។

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានឲ្យដឹងថា ការដកប្រព័នន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបមិនមែនជាឧបសគ្គក្នុងការរារាំងមិនតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២១ នោះទេ។ ផ្ទុយទៅវិញ គឺដោយសារតែផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ទៅវិញទេ ដែលបានធ្វើឲ្យវិស័យជាច្រើនត្រូវបានជាប់គាំង។

ទោះបីជាយ៉ាងណា កម្មករនិយោជិតនៅតែទទួលបានផលវិជ្ជមាន ដោយសារសម្តេច ហ៊ុន សែន បានសម្រេចផ្តល់ ២ដុល្លារបន្ថែមទៀតលើតួលេខ ១៩០ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់ ១៩២ដុល្លារនៅឆ្នាំ២០២១ ខាងមុខនេះ។

កិច្ចប្រជុំចរចាដំឡើងប្រាក់ខែជូនកម្មករ (ប្រភព៖ ក្រសួងការងារ)

ឯកឧត្តមបានបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ១៩ ការនាំចេញរបស់កម្ពុជាមានផ្នែកខ្លះកើនឡើង និងផ្នែកខ្លះថយចុះ ប៉ុន្ដែស្ថានភាពបែបនេះ គឺវាមិនមានភាពល្អដូចមុននោះទេ ហើយក៏មិនអាក្រក់នោះដែរសម្រាប់កម្ពុជា។ ឯកឧត្ដមបន្ដថា ក្នុងការជួបបញ្ហាប្រឈមការនាំចេញនេះ ក្រុមអ្នកបញ្ជាទិញ និងអ្នកផ្គត់ផ្គង់កំពុងតែរកវិធីសាស្រ្ដល្អៗបន្ថែមទៀត ដើម្បីបន្ដអាជីវកម្ម និងផលិតកម្មរបស់ខ្លួនក្នុងបរិបទជំងឺកូវីដ១៩នេះ ។

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

សូមបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះ រោងចក្រសហគ្រាសមួយចំនួនដែលបានព្យួរការងារ គឺមានការឡើងចុះក្នុងចន្លោះពី ១០០ដល់ ១៥០រោងចក្រ ហើយផលប៉ះពាល់ដល់កម្មករនិយោជិតក្នុងចន្លោះពី ៤ម៉ឺនទៅ ៥ម៉ឺននាក់ផងដែរ៕

អត្ថបទដោយ៖ Nevin

Related Articles