We TV Cambodia

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំក្រុមការងារពាក់ព័ន្ធ ជួយរកទីផ្សារឱ្យកសិករចិញ្ចឹមត្រី

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំក្រុមការងារពាក់ព័ន្ធ ជួយរកទីផ្សារឱ្យកសិករចិញ្ចឹមត្រី

ដោយ៖ពេជ្រ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខម្រមាញ់ និងនេសាទ ណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ។

បន្ទាប់ពីការចុះពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹមរបស់កសិដ្ឋានពីរកន្លែងនៅខណ្ឌព្រែកព្នៅ រដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ឯកឧត្តមមានប្រសាសន៍ថា បើទោះបីក្នុងរយៈពេលកន្លងមក តម្រូវការទីផ្សារ តម្លៃមានការធ្លាក់ចុះបន្តិចក្តី ប៉ុន្តែបច្ចុប្បន្នតម្លៃបាន និងកំពុងកើតឡើងបន្តិចវិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវារីវប្បករត្រូវបន្តរក្សាមុខរបរនេះ ព្រោះថានេះគឺជាអាជីពយ៉ាងរឹងមាំ និងបានចូលរួមយ៉ាងមានប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោកសុំឱ្យវិនិយោគិនក្នុងស្រុកបង្កើនការវិនិយោគក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។

 

 

Related Articles