We TV Cambodia

រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជា មានស្ថិរភាពល្អ អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន

រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជា មានស្ថិរភាពល្អ អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន

ឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ អំពីសន្តិសុខស្បៀងរបស់កម្ពុជារួមមាន អង្ករ បន្លែ ត្រី សាច់ នៅគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ ថាតើអាចបំពេញសេចក្តីត្រូវការ របស់ប្រជាជនបានទេ នៅពេលជំងឺនេះរីករាលដាលខ្លាំងនោះ រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជា មានស្ថិរភាពល្អ អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។

លោក វេង សាខុន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូក គោ មាន់ ទារ) ចិញ្ចឹមត្រី និងការដាំដុំបន្លែបង្ការ មានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជា ខ្ញុំគិតថាមិនមានបញ្ហាអ្វី ដែលកើតឡើងទេ ព្រោះស្រូវយើងមាននៅសល់ច្រើន ការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ ហើយការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតា ការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា»។ ជាមួយគ្នានេះ លោកក៏បានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង ដែលសម្រេចដោយក្រសួងកសិកម្ម ក្នុងឆ្នាំ២០១៩មានដូចជា ការងារបង្កបង្កើនផលស្រូវ នៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន ៣.៣៣លានហិកតា។ ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៣តោនក្នុង១ហិកតា ដែលមានបរិមាណផលស្រូវសរុបទទួលបានជាង១០.៨៨លានតោន មានអតិរេកស្រូវ (ស្រូវលើស) ចំនួនជាង៥.៧៦លានតោនគិតជាអង្ករស្មើនឹង ៣.៦៩លានតោន។

ដោយឡែកសម្រាប់ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណជាង ១៦លានតោនក្នុងឆ្នាំ២០១៩។ ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបានប្រមាណ ៧លានតោន ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៤.៨៧លានតោន កើនលើសឆ្នាំមុនជាង១៣% ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការមានចំនួន ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ នាំចេញបាន ៦២៦ពាន់តោន។

ដោយ៖ Stince

ប្រភព៖ MAFF

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *