ដោយៈ ទិន សុខាវុធ
ក្រោយពីបានសម្ពោធដាក់អោយប្រើប្រាស់នូវស្ពានអាកាសថ្មើជើងដំបូងបំផុតក្នុងក្រុងកំពង់ស្ពឺ កាលពីចុងខែធ្នូឆ្នាំ ២០១៩ កន្លងទៅ រដ្ឋបាលខេត្តនេះបានបង្ហើបអោយដឹងពីគំរោងសាងសង់ស្ពានអាកាសចំនួនពីរថែមទៀត ក្នុងគោលបំណងជួយសំរួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ស្ពឺ។
យោងតាមលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ អនាគតស្ពានអាកាសទាំងពីរនោះ នឹងមិនត្រូវសង់ឡើងដោយប្រើប្រាស់ថវិកាជាតិឡើយ។ ផ្ទុយទៅវិញ រដ្ឋបាលខេត្តរបស់លោកនឹងខិតខំធ្វើយ៉ាងណាគៀងគរហិរញ្ញប្បទានពីវិស័យឯកជនឬសប្បុរសជន ដូចជាការសង់ស្ពានអាកាសទីមួយនោះដែរ។
លោកអភិបាលខេត្តបានអោយដឹងទៀតថា ការសំរេចចិត្តសង់ស្ពានអាកាសថ្មីចំនួន ២ ថែមទៀតនេះ គឺដោយហេតុថាអ្នកវិនិយោគធំៗជាច្រើនបានសំរេចចិត្តមកសង់រោងរោងចក្រនិងសហគ្រាសជាច្រើននៅក្នុងខេត្តរបស់លោក ដែលជាប្រការធ្វើអោយកម្មករកម្មការិនីជាច្រើននាក់ ក៏បានមកធ្វើការនិងតាំងលំនៅដ្ឋាននៅក្នុងខេត្តរបស់លោកផងដែរ។ អាស្រ័យហេតុនេះ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ និងដើម្បីរក្សាសុវត្ថិភាពដល់ការដើរឆ្លងកាត់ផ្លូវរបស់កម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ស្ពឺ រដ្ឋបាលខេត្តរបស់លោកក៏បានអនុម័តជាឯកច្ឆន្ទ សាង់សង់ស្ពានអាកាសថ្មើជើងចំនួន ២ ថ្មីទៀត គឺមួយស្ថិតនៅក្នុងក្រុងច្បារមន និងមួយទៀតស្ថិតនៅក្នុងស្រុកសំរោងទង។
ជាក់ស្តែង លោក វី សំណាង បានគូសបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូចនិងមធ្យមចំនួន ២៧០ ត្រូវបានបង្កើតឡើងនៅក្នុងខេត្តរបស់លោក ដែលជាប្រការធ្វើអោយការងារចំនួនជាង ១៣ ម៉ឺនកន្លែងត្រូវបានបង្កើតឡើងសំរាប់កម្មករ/កម្មការិនីមកពីគ្រប់ទិសទី។ ជាលទ្ធផល ប្រាក់ខែសរុបប្រមាណជា $33 លានដុល្លារក្នុងមួយខែ ត្រូវបានបើកអោយកម្មការ/កម្មការិនីទាំងនោះ៕
