We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាម ពីខណ្ឌដង្កោ ទៅ ស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីលានចាក់សំរាម ពីខណ្ឌដង្កោ ទៅ ស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ផ្លាស់ប្តូរ​ទីលាន​ចាក់សំរាម​ពី​ខណ្ឌដង្កោ ទៅ​នៅតាម បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​វិញ ដែលមាន​ទំហំ​ផ្ទៃដី​ប្រមាណ​ពី​២០ ទៅ ៥០​ហិកតា ហើយ​ទីតាំង​ចាក់សំរាម​នៅក្នុង​ខណ្ឌដង្កោ​បច្ចុប្បន្ន និង​រក្សា​ទុកជា​ទីតាំង សម្រាប់​ផ្ទេរ​សំរាម​វិញ​។​ ​នេះ​បើយោងតាម​ការបញ្ជាក់​របស់​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់ថា ចំពោះទីតាំង​ចាក់សំរាម​ចាស់ ​ក្នុង​ខណ្ឌដង្កោ​នឹង​ទុកជា​កន្លែង​ផ្ទេរ​សំរាមវិញ​។ ក្រៅពីនេះ​យើង​ក៏បាន​ជ្រើស​រើសយក​ទីតាំង​ផ្ទេរ​សម្រាម​ចំនួន​បី​ផ្សេងទៀត នៅ​ជាយ រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​នៅ​ខណ្ឌ​ព្រៃ​ក​ព្នៅ​មាន​២​ទីតាំង ខណ្ឌ​សែន​សុខ​មាន​១​ទីតាំង និង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​១​ទីតាំង​។ ដោយសារ​បី​ទីតាំង​នេះ ក៏​កំពុងមាន​ហានិភ័យ ដោយ​ទីតាំង​នីមួយៗ​មាន​សំរាម​ពេញ​ហៀរ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដេញថ្លៃ​ក្រុមហ៊ុន ដឹកជញ្ជូន​សំរាម​ចំនួន​បី​រួចហើយ ហើយ​ក្រោយពី​ក្រុមហ៊ុន​ទាំងបី​បាន​អនុវត្តន៍​ការងារ​របស់ខ្លួន ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ក្តៅ ហើយ​ចំពោះ​អ្នក​ដែល​មិនបាន បង់ថ្លៃ​សំរាម នឹងមាន​វិធានការ​ចំពោះ​អ្នក​ទុកដាក់ សំរាម​អនាធិបតេយ្យ​ផងដែរ​។ ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏បាន​ឯកភាព ពី​ការយក​ចិ​ត្ដ​ទុកដាក់​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​។​ ​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ នេះ​ធ្វើឡើង​ក្រោម វត្តមាន​ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជំរុញ ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុវត្តន៍​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ព្រមទាំង​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជាដើម​។​

ដោយ៖ Stince

ប្រភព៖ AKP

Related Articles