We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ៖ អគារចាស់ៗត្រូវមានការប្រុងប្រយ័ត្ន ចំណែកសំណង់ខុសស្ដង់ដាអនុញ្ញាត ត្រូវវាយ ឬកាត់ចោល  

រដ្ឋបាលរាជធានីភ្នំពេញ៖ អគារចាស់ៗត្រូវមានការប្រុងប្រយ័ត្ន ចំណែកសំណង់ខុសស្ដង់ដាអនុញ្ញាត ត្រូវវាយ ឬកាត់ចោល  

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ ដែលត្រូវធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការហាមឃាត់ គ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត។ ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើត្រូវវាយឬកាត់ជាន់ចោលគឺ កាត់ជាន់ទាំងនោះចោលតែម្តងមិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ។

ក្នុងកិច្ចប្រជុំនោះផងដែរ ត្រូវបានមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចៀសវាងនូវហានិភ័យផ្សេងៗកើតឡើងដោយ យថាហេតុ។

ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម ឯកឧត្តមអភិបាល រាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរថាមិនបានយកចិត្តទុកដាក់ចំពោះរពួកគាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់ ។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន ២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ។

ដោយ៖ Stince

ប្រភព៖ AKP

Related Articles