ដោយ៖ពេជ្រ
ភ្នំពេញ៖ រដ្ឋបាលជលផលផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែប នាអំឡុងពេល និងក្រោយពេលជំងឺកូវីដ ១៩ ក្នុងគោលបំណងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មនៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០។ នេះបើតាមសារាចរណែនាំ ស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម កាលពីថ្ងៃ០២ កក្កដា ឆ្នាំ២០២០។
សារាចរណែនាំ ស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម ស្ថិតក្នុងស្ថានភាពដែលមានការប៉ះពាល់ជាសកលបង្កដោយជម្ងឺកូវីដ ១៩ (Covid 19) របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨ លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករជាង ៦ ០០០ គ្រួសារ។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ការឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រកម្រោងនេះ មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចគាំទ្រគម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលនៅខេត្តចំនួន១០ រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិនដែលមានកញ្ចប់ថវិកាពិសេសចំនួន ២ ០០០ ០០០ ០០០ រៀល។
ក្រៅពីការឧបត្ថម្ភដោយក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានការឧបត្ថម្ភដោយអង្គការដៃគូអភិវឌ្ឍន៍ តាមរយៈកម្មវិធីជម្រុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្មនៅកម្ពុជា (Cap-Fish-វារីវប្បកម្ម) ដែលឧបត្ថម្ភថវិកាដោយ EU និងគ្រប់គ្រងដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានអនុម័តលើការគាំទ្រគម្រោងជម្រុញវារីវប្បកម្មតាមជនបទ ឆ្លើយតបនឹងជំងឺរាតត្បាតជំងឺកូវីដ ១៩ (Covid 19) ដែលមានរយៈពេល១ឆ្នាំ។ គម្រោងមានទឹកប្រាក់សរុបចំនួន ១ ១២៩ ៧៩៧ ដុល្លារ ផងដែរ។
សូមបញ្ជាក់ដែរថា រដ្ឋបាលជលផលបានដាក់សំណើគម្រោង “ការពង្រឹងវារីវប្បកម្មកម្ពុជា នាអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ ១៩ (Covid 19)” នៅក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ ដែលឧបត្ថម្ភដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WorldBank) ដែលមានទឹកប្រាក់សរុបចំនួន ៣ ០៥៩ ៦២០ ដុល្លារ ដែលគម្រោងនេះ នឹងអនុវត្តជួយផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកចំនួន ២ ០០០ គ្រួសារកសិករ និងជួយឧបត្ថម្ភដល់កសិករផលិតខ្នាតមធ្យម ចំនួន ២៦០ គ្រួសារកសិករ នៅក្នុងខេត្តគោលដៅចំនួន ១២ ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ៕