កំពង់ចាម៖ អ្នកដំណើរពីភ្នំពេញលើដងផ្លូវជាតិលេខ៦ ឆ្លងកាត់ចំនុចពីព្រំប្រទល់ ខេត្ដកណ្ដាលនឹងកំពង់ចាម ក្នុងស្រុកបាធាយ រហូតដល់ ចំនុចបំបែកស្គន់ ស្រុកជើងព្រៃ អ្នកនឹងចាប់អារម្មណ៍មើលឃើញថា សួនច្បារកណ្ដាល ខ័ណចែកទ្រូងផ្លូវធ្វើដំណើរទៅមក ត្រូវធ្លាក់សោភណ្ឌភាពជាខ្លាំង សម្រស់ប្រែជាស្រអាប់ ខណៈដែលស្មៅ និង ផ្កាជាច្រើនត្រូវក្រៀមស្រពោនស្វិត ហើយខ្លះក៏ក្ដៅងាប់ខ្លោច ដីប្រែជាសរ ស្ទើតែប្រេះក្រហែងដូចគ្មានសំណើមទឹក។
ការមើលឃើញជាក់ស្ដែងនូវទិដ្ឋភាពបែបនេះ អ្នកដំណើរមួយចំនួនតូចតែងតែនិយាយពីការប្រែប្រួល ហើយក៏មានអ្នកលេងក្នុងបណ្ដាញសង្គម បង្ហោះរូបភាពតៗគ្នា ជាហេតុបណ្ដាលឲ្យអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ ដោយចោទប្រកាន់ថា អាជ្ញាធរខេត្ដខ្វះការយកចិត្ដទុកដាក់លើកិច្ចការនេះ។
រដ្ឋបាលខេត្ដកំពង់ចាម ដឹកនាំដោយ ឯកឧត្ដម អ៊ុន ចាន់ដា ថ្មីៗនេះបានចេញសេចក្ដីប្រកាសជាផ្លូវការ ច្រានចោលនូវ ដំណឹងចុះផ្សាយ របស់សារព័ត៌មានទាំងនេះ ដោយពឹងផ្អែកលើហេតុផលពន្យល់ថា ការងាប់ស្មៅ និង ដើមផ្កាលំអរទាំងនោះ មកពីមានការខ្វះខាតប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រប់។ ក្នុងខ្លឹមសារសេចក្ដីប្រកាស របស់អាជ្ញាធរខេត្ដបានបញ្ជាក់ថា តួនាទីតំហែរទាំ តំណាំលម្អរទាំងនោះ ត្រូវបានចូលរួមសហការណ៍ពីស្ថាប័ណពាក់ព័ន្ធ ពោលគឺរដ្ឋបាលស្រុក ដែលគ្រប់គ្រងទីនោះ។ ខ្លឹមសារសេចក្ដីប្រកាស បានបន្ដទៀតថា ម្យ៉ាងវិញទៀត ស្ថិតក្នុងរដូវប្រាំងចូលមកដល់ គឺមិនសូវមានប្រភពទឹកសម្រាប់ប្រើប្រាស់នោះទេ ហើយបើមាន ក៏មានតិចតូចដែរ ហើយជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់សត្វពាហនៈ។ ស្ថាប័ណស្រុកទទួលបន្ទុកនីមួយៗ សុទ្ធតែមានរថយន្ដស្រោចទឹក សម្រាប់ប្រតិបត្ដិការ។
គូសបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៦ គឺជាផ្លូវដែលតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ខេត្ដកំពុងចាម។ ផ្លូវនេះត្រូវបានអភិវឌ្ឈជាមួយនឹងសួនច្បារជាទ្រូង ដោយមានការដាំដំណាំ ផ្ដា ស្មៅ រំលេចនូវសោភ័ណភាពបៃតង នារដូវវស្សា។ ផ្លូវដែលត្រួវបានកែលម្អរថ្មីជាមួយនឹងសួនច្បារកណ្ដាលមានប្រវែងប្រមាណជា ជាង ៧០ គឺឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញកាត់ខេត្ដកណ្ដាល ចូលដល់ខេត្ដកំពង់ចាម ឆ្លងកាត់ស្រុកចំនួន ២ គឺបាធាយ និង ស្រុកជើងព្រៃ។
អត្ថបទដោយ៖ អឿ អ៊ុយ