We TV Cambodia

រដូវភ្ជុំឆ្នាំនេះ តម្លៃរថយន្តឈ្នួលហាក់មិនឡើងថ្លៃដូចរាល់ឆ្នាំ

រដូវភ្ជុំឆ្នាំនេះ តម្លៃរថយន្តឈ្នួលហាក់មិនឡើងថ្លៃដូចរាល់ឆ្នាំ

 ជារៀងរាល់ឆ្នាំនៅពេលដល់រដូវបុណ្យជាតិធំៗ ឬការសម្រាករយៈពេលវែងណាមួយ ប្រជាជនកម្ពុជាបាននាំគ្នាសម្រុកទៅលេងស្រុកកំណើតយ៉ាងច្រើន ហើយយើងតែងតែមើលឃើញថា អ្នករកស៊ីមួយចំនួនបានឆ្លៀតឱកាសកេងចំណេញ ដោយឡើងថ្លៃជាងធម្មតា ១ ទៅ ២ដងឯណោះ។

ជាពិសេសនោះគឺសេវារថយន្តតាក់ស៊ី និងរថយន្តក្រុងតែម្ដង ដោយរៀងរាល់ឆ្នាំប្រជាជនកម្ពុជាភាគច្រើនបានរអ៊ូរទាំពីការដំឡើងថ្លៃខ្ពស់ហួសហេតុ ហើយផ្ទុកមនុស្សច្រើនជាងធម្មតាទៀត ដែលធ្វើឲ្យពួកគេមានការពិបាក​ ព្រោះពួកគេត្រូវការចំណាយខ្ពស់ ខណៈដែលពួកគេភាគច្រើនជាសិស្សនិស្សិតឡើងមកសិក្សា និងកម្មករដែលមកធ្វើការនៅភ្នំពេញជាដើម។

ដោយឡែក ក្នុងឆ្នាំនេះ ការរអ៊ូរទាំ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាឡើងថ្លៃសេវារថយន្តនេះ ហាក់មិនមានដូចរាល់ឆ្នាំនោះទេ ពោលគឺស្ងប់ស្ងាត់ល្អតែម្ដង ខណៈដែលប្រជាពលរដ្ឋកម្ពុជាក៏នាំគ្នាសម្រុកទៅស្រុកកំណើតមិនចាញ់រាល់ឆ្នាំនោះដែរ។

ទោះជាយ៉ាងណា យើងមិនបានដឹងទេថា គ្រប់រថយន្តទាំងអស់សុទ្ធតែមិនមានការដំឡើងថ្លៃ ឬមានដែមានដែរ តែក្នុងចំនួនតិចតួច ទើបមិនសូវមានការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ឬយ៉ាងណានោះទេ។ ប៉ុន្តែ យើងឃើញថា តម្លៃប្រេងសាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការធ្លាក់ចុះជាងរាល់ឆ្នាំ ដែលវាអាចជាមូលហេតុមួយធ្វើឲ្យតម្លៃរថយន្តឈ្នួលមិនមានការឡើងថ្លៃ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែប្រកាស និងហាមមិនឲ្យមានការដំឡើងថ្លៃសេវារថយន្តឡើយ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធិភាពសោះ។ ដោយឡែក ឆ្នាំនេះរដ្ឋាភិបាលពុំទាន់បានប្រកាសហាមមិនឲ្យដំឡើងថ្លៃនៅឡើយទេ តែបែរជាមិនមានការដំឡើងថ្លៃទៅវិញ។

អត្ថបទដោយ៖ Nevin

Related Articles