We TV Cambodia

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី០១នាក់ លើបុរសជនជាតិប៉ូឡូញ

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី០១នាក់ លើបុរសជនជាតិប៉ូឡូញ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

(ភ្នំពេញ )៖  ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់លើបុរសជនជាតិប៉ូឡូញ ដែលទើបធ្វើដំណើរចូលមកកម្ពុជា ខណៈមិនមានករណីជាសះស្បើយឡើយ។

បើតាមសេចក្ដីប្រកាសបានឱ្យដឹងថា បុរសជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំ ដែលរកឃើញមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

បើតាមលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទន្ទឹមនឹងនេះ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៥៤នាក់ (ស្រី ៣៦នាក់ និងកុមារ ០២នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិប៉ូឡូញ អាយុ៤៧ឆ្នាំ ខាងលើ។ ចំណែកឯ អ្នកដំណើរចំនួន ៥៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តា ឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅមណ្ឌលកងទ័ពជើងអាកាស។

គួររំលឹកដែរថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៦នាក់ (ស្ត្រី ៥៨នាក់ និងបុរស ២២៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៨០នាក់ (ស្មើនឹង ៩៧.៩០% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕

Related Articles