ដោយ៖ពេជ្រ
ភ្នំពេញ៖ ចំនួនអ្នកផ្ទុកជំងឺរលាកសួតថ្មីនៅកម្ពុជាបានកើនដល់ចំនួន១០៣នាក់ ខណៈក្រសួងសុខាភិបាលនៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០២០នេះ រកឃើញមួយករណីទៀត នៅខេត្តបន្ទាយមានជ័យ។
ស្រ្តីអាយុ ៣៦ ឆ្នាំម្នាក់ ដែលបម្រើការងារនៅស្ដាធីវី ស្ថិតក្នុងក្រុងប៉ោយប៉ែត បានពិនិត្យឃើញថាមានផ្ទុកកូវីដ១៩ ហើយបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ខណៈដែលចំនួនអ្នកផ្ទុកកើនដល់១០៣ នាក់ កម្ពុជាក៏មានអ្នកសះស្បើយពីកូវីដ១៩ ចំនួន ២១ នាក់ហើយមកទល់ពេលនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា មិនត្រូវប្រើប្រាស់ឧបរករណ៍ធ្វើតេស្តរកកូវីដ១៩ ដោយខ្លួនឯងឡើយ ដោយសារតែបច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន ដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ ដូច្នេះ បើជនណាដែលយកឧបករណ៍នេះមកផ្សព្វផ្សាយលក់ខុសច្បាប់ នឹងត្រូវទទួលខុសត្រូវទៅតាមច្បាប់កំណត់៕
