ភ្នំពេញ៖ ជារឿងមួយគួជាទីចាប់អារម្មណ៍ណាស់ ដែលយុវជន និង យុវតីខ្មែរ ចំនួនពីររូប នឹកឃើញគំនិតច្នៃប្រឌិត កែប្រែយានជំនិះ កង់ធម្មតា មកជាកង់ប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីសម្រួលពីការចំណាយថ្លៃសាំងប្រចាំថ្ងៃ និងកាត់បន្ថយតានតឹងផ្នែកបំពុលបរិស្ថានផងដែរ។
យុវជន ខេមរា គីមហាក់ វ័យ ២០ឆ្នាំ និងយុវតី សឿន ច័ន្ទរ៉ាត់តិកា វ័យ១៩ឆ្នាំ ជានិស្សិតផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យវិចិត្រសិល្បៈ បានសម្រេចនូវគោលដៅរបស់ខ្លួននៃការផលិតកង់អគ្គិសនី ដោយក្ដីស្រម៉ៃ អ្នកទាំងពីរ ចង់ឃើញទីក្រុងលែងមានផ្សែងបំពុលបរិយាកាស។ សមិទ្ធផលស្នាដៃដែលអ្នកទាំងពីរសម្រេចបាននោះគឺជាប្រភេទកង់អគ្គិសនីដែលមានឈ្មោះថា ទីនគី (Tinky Bike)។ កង់ទីនគី អាចនិយាយបានថា ជាស្នាដៃរបស់កូនខ្មែរ ដំបូងបង្អស់ដែលរកនឹកឃើញ និងអាចផលិតបានជារូបរាង។
យុវជន ខេមរា គីមហាក់ បានប្រាប់ទៅអ្នកសារព័ត៌មានក្នុងស្រុកអំពីកង់នេះថា លោកចង់ឃើញទីក្រុងភ្នំពេញនេះគ្មានផ្សែងយានយន្ដ។
លក្ខណៈសម្បត្ដិកង់ទីនគី មានពណ៌ខ្មៅ កែបស្រដៀងម៉ូតូបំពាក់អាគុយនៅក្រោមកែបម៉ូទ័រនៅកង់ក្រោយ និង LED Display នៅដៃចង្កូតខាងឆ្វេង ព្រមទាំងបំពាក់ចង្កៀងមុខធំ វាបានចំណាយទឹកប្រាក់ ផលិតប្រមាណជា ៧០០ដុល្លារ។ កង់ទីនគីអាចមានសមត្ថភាពទ្រទម្ងន់បាន ១២៥ គីឡូក្រាម។ ជាមួយនឹងការសាកថ្មមាន ២ជម្រើស ទី១ ធម្មតា សាករយៈពេល ៧ ម៉ោង ទី២ គឺសាករយៈ២ ម៉ោងកន្លះហើយ វាអាចរត់បាន ល្បឿន ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង លើចម្ងាយផ្លូវ ៦០ គីឡូម៉ែត្រសម្រាប់ការសាកមួយលើក។
លោក គីមហាក់ បានបន្ដទៀតថា៖ ការផលិតកង់នេះឡើង គាត់ប្រើរយៈពេល ជិត ៣ ខែ ដោយឡែកវាមានលក្ខណៈយូបន្ដិដោយសាការចំណាយពេលទិញគ្រឿងមកបំពាក់ពីប្រទេសចិន តែបើទំហំរពេលតម្លើង និង ពត់តម្រង់តួកង់ គឺប្រើពេលប្រហែលជាដល់៥ថ្ងៃនោះទេ។
សហស្ថាបនិកទាំងពីរ បានសាកល្បងប្រើប្រាស់ផលិតផលសា្នដៃរបស់អស់រយៈជាង៣ខែហើយ ហើយពូកគេមិនទាន់មានពាក្យត្អួញត្អែ អំពីការប្រើប្រាស់នេះឡើយ។
យុវជន ខេមរា គីមហាក់ បានមានទស្សនៈយល់ឃើញថា ភាគច្រើនពួកគេជិះកង់ដឹកអីវ៉ាន់ ទៅរៀន និងធ្វើការដែល ១ ថ្ងៃអត់ដល់ ៦០ គីឡូម៉ែត្រទេ ត្រឹមតែ៤០ ឬ ៥០ គីឡូម៉ែត្រ។ គម្រោងកង់ចេញលក់ខាងមុខនេះ វាមានតម្លៃចាប់ពី ៥៤៩ ដុល្លារ អាចបរបានចម្ងាយ ៣០ គីឡូម៉ែត្រចំពោះការសាកថ្មម្ដង ៦៤៩ ដុល្លារ អាចជិះបាន ៤៥ គីឡូម៉ែត្រ និង ៧៤៩ ដុល្លារ អាចជិះបាន ៦០ គីឡូម៉ែត្រ ហើយជម្រើសទាំង ៣ ប្រភេទនេះ ខុសគ្នាតែប្រភេទថ្មនោះទេ ចំពោះប្រភេទម៉ូទ័រ មុខងារផ្សេងៗ និងគ្រឿងអគ្គិសនីមានលក្ខណៈដូចគ្នាទាំងអស់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ព័ត៌មានក្នុងស្រុក
