We TV Cambodia

យុវជនមួយក្រុមបានច្នៃស្លឹកឈើធ្វើចានប្រើប្រាស់ ដើម្បីកាត់បន្ថយផលិតផលប្លាស្ទិក

យុវជនមួយក្រុមបានច្នៃស្លឹកឈើធ្វើចានប្រើប្រាស់ ដើម្បីកាត់បន្ថយផលិតផលប្លាស្ទិក

យុវជន វិទ្យាល័យ​តេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ មួយក្រុមបាន ច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់​ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ ដោយដាក់ឈ្មោះថា«ដើម្បីសហគមន៍ខ្ញុំ»សំដៅចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយនាំគ្នា​ងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិនៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នជំនួសវិញ។

លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានឲ្យដឹងថា ស្លឹកឈើប្រភទ​ឈើខ្លុង នឹងត្រូវបានធ្វើចានសម្រាប់ជំនួសចានប្លាស្ទិក។ លោកថា ក្រុមយុវជនកំពុងរៀប​ចំសាកល្បង និងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃ និងពីគុណភាពរ​ក្សាទុកផងដែរ។

ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានសាទរចំពោះគម្រោងស្រាវជ្រាវ​​មួយនេះ។ ព្រះអង្គ មានសង្ឃដីកាថា ចានផលិតឡើងពីស្លឹកឈើធម្មជាតិដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងអាចប្រើជំនួសចានស្នោរ ឬចានប្លាស្ទិកបាននាថ្ងៃខាងមុខ។

ក្រសួងបរិស្ថានមានការគាំទ្រចំពោះគម្រោងនេះ និង បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើ ដែលអាចរកចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត​ដើម្បីបំពេញតម្រូវការប្រើប្រាស់។

ដោយ៖ Stince

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles