We TV Cambodia

យុវជនកម្ពុជាកាន់តែច្រើនឡើងកំពុងលង់ខ្លួន ដោយសារចង់បានឈ្មោះជា «សហគ្រិនវ័យក្មេង»

យុវជនកម្ពុជាកាន់តែច្រើនឡើងកំពុងលង់ខ្លួន ដោយសារចង់បានឈ្មោះជា «សហគ្រិនវ័យក្មេង»

សព្វថ្ងៃមានសហគ្រិនជាច្រើនបានចាប់ផ្ដើមចេញរកស៊ីទាំងវ័យក្មេង ដោយអ្នកខ្លះមានអាយុត្រឹមតែ ២៤ ទៅ ២៥ឆ្នាំ ឬក្រោម ៣០ឆ្នាំប៉ុណ្ណោះ ហើយក្នុងចំណោមនោះមានភាគតិចណាស់ ដែលទទួលបានជោគជ័យ ខណៈសហគ្រិនជាច្រើនផ្សេងទៀតបានដួលបះជើងខាតដើម ខាតចុងក៏មាន។

ជាមួយគ្នានេះ យុវជនវ័យក្មេងកាន់តែច្រើនឡើងៗចាប់ផ្ដើមពុះកញ្ជ្រោលនឹងការចេញរកស៊ី ដោយសារតែពួកគេមើលឃើញសហគ្រិនមួយចំនួនតូចទទួលបានជោគជ័យក្នុងការចេញរកស៊ីទាំងវ័យក្មេង និងចង់បានឈ្មោះជាសហគ្រិនវ័យក្មេងនឹងគេដែរ ខណៈដែលគេមិនបានមើលថា ក្នុងចំណោមសហគ្រិនវ័យក្មេងទាំង ១០ ២០នាក់នោះ មានសហគ្រិនវ័យក្មេង ៨០ ទៅ ៩០នាក់ទៀតបានទទួលបរាជ័យ ដួលបះជើង និងខាតបង់ប្រាក់រាប់ពាន់ដុល្លារ។

លើសពីនេះទៅទៀត យុវជនមួយចំនួនមិនទាន់ទាំងស្គាល់ផងថាអ្វីជាសហគ្រិន និងអ្វីជាការរកស៊ី ហើយកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀតនោះ ពួកគេមិនទាន់ទាំងមានជំនាញច្បាស់លាស់មួយក្នុងការប្រកបអាជីវកម្មផង ដោយមួយចំនួនគឺធ្វើតាមគេតែប៉ុណ្ណោះ ពោលឃើញគេរកស៊ីហាងកាហ្វេជោគជ័យ ខ្លួនក៏ចង់បើកហាងកាហ្វេដែរ។ មិនតែប៉ុណ្ណោះ ដើមទុនដែលយកមកបើកអាជីវកម្មនោះ ជាលុយរបស់គ្រួសារទៅទៀត ខណៈដែលខ្លួនឯងមិនទាន់ចេះរកលុយដោយខ្លួនឯងផងនោះ។

ទោះជាយ៉ាងណា ក៏មានសហគ្រិនមួយចំនួនដែរ ដែលមានជំនាញច្បាស់លាស់ មានចំណេះដឹងគ្រប់គ្រាន់ មានបទពិសោធន៍គួរសម បូករួមនឹងការចេះស្វែងរកដើមទុនមកបើកអាជីវកម្ម ដែលមិនពឹងលុយគ្រួសារផងនោះ ក៏ទទួលបានជោគជ័យទាំងខ្លួននៅក្មេងផងដែរ ហើយនេះជាអ្វីដែលយើងគួរតែសរសើរ និងគួរឲ្យយុវវ័យដទៃទៀតយកគំរូតាម ដោយមិនគួរចេញរកស៊ីតាមគេ និងដោយសារតែចង់បានឈ្មោះជាសហគ្រិនវ័យគ្មេងឡើយ។

អត្ថបទដោយ៖ Nevin

Related Articles