
យីហោបរទេសកំពុងប្រណាំងប្រជែងដើម្បីចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីការបិទរាប់ពាន់ហាងទាក់ទងទៅនឹងជំងឺ COVID-19 ។ អ្នកជំនាញរំពឹងថាការលក់រាយ និងការកម្សាន្តនឹងងើបឡើងវិញ ហើយតម្រូវការក៏មានសន្ទុះខ្លាំងក្លាផងដែរ។

កាលពីថ្ងៃច័ន្ទថា Shanghai Disney Resort បានប្រកាសថា ខ្លួននឹងបើកដំណើរការហាងលក់អាហារ និងកន្លែងកំសាន្តមួយចំនួនទៀតនៅជុំវិញរីសតនេះ ហើយការបើកដំណើរការឡើងវិញនេះត្រូវមានលក្ខខណ្ឌ និងកាត់បន្ថយម៉ោងប្រតិបត្តិការ។ មួយវិញទៀត ភ្ញៀវទាំងអស់ត្រូវវាស់សីតុណ្ហភាព បង្ហាញលេខកូដសុខភាព និងតម្រូវឲ្យពាក់ម៉ាសផងដែរ។

ក្រៅពីនោះក៏មានក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀតដូចជា ហាងកាហ្វេ Starbucks, ហាងអាហាររហ័ស McDonald’s, ក្រុមហ៊ុន Apple, និងក្រុមហ៊ុនលក់គ្រឿងសង្ហាររឹម Ikea។ ក្រៅពីនោះក៏មានភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនទៀតផងដែរ។

លោក Zhang Liqing ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន PwC China បានមានប្រសាសន៍ថា «ការបន្តអាជីវកម្មឡើងវិញជាបណ្តើរៗពិតជាសមហេតុផល ពីព្រោះផលិតកម្ម និងសេវាកម្មគួរតែមានតម្រូវការឡើងវិញនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងបានល្អ»។


ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
