We TV Cambodia

ម្រេចកំពត គឺជាគ្រឿងផ្សំចម្អិនម្ហូបពោរពេញដោយសារធាតុសរីរាង

ម្រេចកំពត គឺជាគ្រឿងផ្សំចម្អិនម្ហូបពោរពេញដោយសារធាតុសរីរាង

ដោយ៖ពេជ្រ

រូបភាព ឯកសារ

ម្រេចកំពតជាគ្រឿងផ្សំដ៏សំខាន់មិនអាច​ខ្វះបាន​សម្រាប់មុខម្ហូបទូទៅប្រចាំតំបន់ និងម្ហូបពិសេសៗរបស់ពលរដ្ឋកម្ពុជា ដូចជា ឆាក្តាម មឹកបំពង និងបង្គារឆាជាមួយម្រេចខ្ចី ឬឆាឡុកឡាក់ សាច់គោជាមួយនឹងទឹកម្រេច​ដែល​មានបីប្រភេទ គឺ ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម។ ឯកឧត្ដមរដ្ឋលេខាធិការក៏បានលើ​ក​​ពីប្រវត្តិសាស្ត្រ ដើម្បីឱ្យយើងឈ្វេងយល់ពីការប្រើប្រាស់ ឧបករណ៍កិនម្រេចផ្សេងៗគ្នា នៅ​​ជុំវិញពិភពលោក ថ្វីបើវាជាឧបករណ៍ដែលមានភាពពិសេសប្លែកគ្នាក៏ដោយ ប៉ុន្តែឧបករណ៍​កិនម្រេចទាំងនោះសុទ្ធតែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់បម្រើសេចក្តីត្រូវ​ការ​ដល់​អ្នកប្រើប្រាស់របស់មនុស្សនៅទូទាំងពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្ដម ហោ មុន្នីរ័ត  កាលពីថ្ងៃទី ២១ កន្លងទៅ។

លោកបន្តថា ​ម្រេចកំពត គឺជាផលិតផលមួយដែល​មានលក្ខណៈពិសេស ពោរពេញទៅដោយសារធាតុសរីរាង្គល្អៗ ហើយក៏ជាគ្រឿងបន្ថែម​មានឱជារសឈ្ងុយឆ្ងាញ់ ដែលត្រូវចាត់ជាគ្រឿងបន្សំសម្រាប់ផ្សំជាម្ហូបអាហារនៅក្នុងផ្ទះ ឬភោជនីយដ្ឋាននានាទូទាំងប្រទេស។

បើតាមការលើកឡើងរបស់ លោក ភូ លិ អភិបាលរងខេត្តកំពត បានឱ្យដឹងថា ខេត្ត​កំពតជាខេត្តមួយមានសក្តានុពលប្រកបដោយការរីកចម្រើនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ទាំង​វិស័យទេសចរណ៍ ពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ដោយខេត្តកំពតមានរោងចក្រ​ផលិតស៊ីម៉ងត៍ចំនួន៤ ដែលកំពុងដំណើរការផលិតស៊ីម៉ងត៍រាប់លានតោនក្នុងមួយឆ្នាំៗ មាន​​ដំណាំម្រេចដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងជាទំនិញម្ចាស់ភូមិសាស្ត្រ(GI) មានស្រែអំបិលរាប់ពាន់ហិកតា។

ជាមួយគ្នានេះ ខេត្តកំពតក៏មានផលិតផលថ្មីមួយទៀតគឺ​ផលិត​​ផល​ផ្កា​អំបិល ហើយផលនេសាទសមុទ្រក៏ជាផលិតផលមានសក្តានុពលរបស់ខេត្តយ៉ាង​សំខាន់ផងដែរ។ លើសពីនេះទៀត ខេត្តកំពតក៏មានផ្លែទុរេន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយភោគផលកសិកម្មដូចជា ដូង ស្វាយ ស្រូវ ក៏មានច្រើន។

លោកអភិបាលរងខេត្ដបានបន្ដថា ខេត្តកំពតគឺជាគោលដៅទេសចរណ៍មួយដ៏សម្បូរបែបដែលទាកទាញភ្ញៀវទេសចរនានា ទាំងជាតិនិងអន្តរជាតិព្រោះខេត្តនេះមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងប្លែកៗភ្នែក ដែឡកត្តានេះគឺជាការធ្វើឲ្យមានកំណើននៃភ្ញៀវទេសចរ៕
ប្រភព៖ ក.ស.ព.ម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *